(ក្លាសហ្គូវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានចោទប្រកាន់ចិន និងរុស្ស៊ីថាបានបរាជ័យក្នុងការបង្ហាញភាពជាមេដឹកនាំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 និងជាការរិះគន់លើប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលមិនបានចូលរួមដោយផ្ទាល់ក្នុងសន្និសីទកំពូលនេះ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ធាតុពិត ចិនកំពុងព្យាយាម ដើរតួនាទីក្នុងនាមជាមេដឹកនាំពិភពលោក...តែវាជាកំហុសមួយដ៏ធំដែលចិនមិនបានចូលរួមដោយផ្ទាល់ ហើយពិភពលោកទាំងមូលបានសម្លឹងមើលចិនក៏ដូចជានិយាយថា តើគុណតម្លៃអ្វីទៅដែលចិនកំពុងផ្ដល់ឱ្យ»។ លោក បៃដិន ក៏បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក ពូទីនផងដែរ សម្រាប់អវត្តមានក្នុងសន្និសីទកំពូល COP26 រៀបចំឡើង ក្នុងទីក្រុងក្លាសហ្គូវ ប្រទេសស្កុតលែន។
គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន ការបង្ហាញខ្លួនដោយផ្ទាល់ និងការសន្យារបស់លោកនៅឯសន្និសីទកំពូល COP26, វាជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយ ដូចពាក្យដែលលោកតែងតែអះអាង «America is back»៕