Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ទីបំផុត CDC គាំទ្រការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យក្មេងៗអាយុចាប់ពី «៥-១១ឆ្នាំ» (Video inside)

03-11-2021 08:41

(វ៉ាស៊ីនតោន)៖ ដូចការគ្រោងទុក, នៅថ្ងៃអង្គារសប្តាហ៍នេះ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានប្រកាសគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 «Pfizer-BioNTech» ឲ្យដល់ក្មេងៗស្ថិតក្នុងក្រុមអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលប្រកាសនេះ អាចនាំឲ្យយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ផ្តើមឆាប់បំផុតនៅថ្ងៃពុធសប្តាហ៍នេះតែម្តង (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់ CDC បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមទីប្រឹក្សា នៃស្ថាប័នជំនាញសុខាភិបាលរបស់សហរដ្ឋអាមេរិកមួយនេះ បានគាំទ្រការចាក់វ៉ាក់សាំង Pfizer ដល់ក្មេងៗស្ថិតក្នុងក្រុមអាយុខាងលើ បន្ទាប់ពីបានត្រួតពិនិត្យនិន្នន័យឃើញថា គុណសម្បត្តិបានមកពីការចាក់វ៉ាក់សាំងនេះ មានច្រើនលើសលប់លើគុណវិបត្តិ។

គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំពោះក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតកំណត់ច្បាស់លាស់មួយ នោះគឺក្នុងម្នាក់ៗតម្រូវឲ្យចាក់តែ ១០មីក្រូក្រាមប៉ុណ្ណោះនៅក្នុងមួយដូស ដែលតិចជាងមនុស្សអាយុ ១២ឆ្នាំឡើង ដែលត្រូវចាក់រហូតដល់កម្រិត ៣០មីក្រូក្រាម។

សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប «១៥លានដូស» កំពុងត្រូវបានរៀបចំបញ្ជូនទៅកាន់បណ្តារដ្ឋនានា ដើម្បីបម្រើដល់យុទ្ធនាការចាក់ឲ្យក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ ប្រមាណ ២៨លាននាក់៕