Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាហ្វហ្កានីស្ថាន៖ មនុស្សយ៉ាងតិច១៥នាក់ស្លាប់ ខណៈហេតុការណ៍ផ្ទុះ និងស្នូរកាំភ្លើង កើតឡើងនៅមន្ទីរពេទ្យក្នុងទីក្រុងកាប៊ុល

02-11-2021 17:52

(កាប៊ុល)៖ មនុស្សយ៉ាងហោច១៥នាក់ បានបាត់បង់ជីវិត និង៣៤នាក់បានទទួលរងរបួស នៅពេលហេតុការណ៍ផ្ទុះចំនួនពីរ ព្រមទាំងស្នូរកាំភ្លើង បានកើតឡើងនៅមន្ទីរពេទ្យយោធាធំបំផុត របស់ប្រទេសអាហ្វហ្កានីស្ថាន ដែលស្ថិតក្នុងទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលតាលីបង់ បានឲ្យដឹងថា ហេតុការណ៍ទាំងនោះ បានកើតមានឡើង នៅច្រកចូលនៃមន្ទីរពេទ្យ សារដារ ម៉ូហាម៉ាត់ ដាអ៊ូដ ខាន់ (Sardar Mohammad Daud Khan) ដែលស្ថិតនៅកណ្តាលទីក្រុងកាប៊ុល ហើយកងកម្លាំងសន្តិសុខ ក៏ត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុយ៉ាងប្រញាប់ផងដែរ។

ចំនួនជនរងគ្រោះផ្លូវការ គឺមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ ប៉ុន្តែមន្រ្តីសន្តិសុខតាលីបង់ម្នាក់ បានបង្ហើបឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា មានមនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ និង៣៤នាក់បានរងរបួស។

គួរបញ្ជាក់ថា ភ្លាមៗនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងថា សកម្មភាពខាងលើជាស្នាដៃរបស់ពួកគេនៅឡើយទេ ប៉ុន្តែចាប់តាំងពី ក្រុមតាលីបង់បានឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានមក ក្រុមភេរវករ ISIS បានធ្វើការវាយប្រហារជាបន្តបន្ទាប់ លើព្រះវិហារអ៉ីស្លាម និងគោលដៅដទៃៗទៀត៕