(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងបង្កើនការហ្វឹកហាត់បន្ថែម សម្រាប់កងកម្លាំងយោធាបម្រុង នៅឆ្នាំ២០២២ ខាងមុខនេះ ខណៈចិនបាននិងកំពុងធ្វើសកម្មភាពយោធាកាន់តែញឹកញាប់ឡើងៗ នៅក្បែរដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ផ្តើមពីឆ្នាំក្រោយទៅ ការហ្វឹកហ្វឺនរំឭកដែលជាកាតព្វកិច្ចសម្រាប់ កងទ័ពបម្រុង នឹងត្រូវបង្កើនពីត្រឹម៥-៧ថ្ងៃ ទៅដល់១៤ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេ។ កំលុងរយៈពេលនៃការហ្វឹកហាត់នេះ កងកម្លាំងបម្រុង នឹងផ្តោតជាសំខាន់ទៅលើ លំហាត់នៃការប្រយុទ្ធនិងបាញ់កាំភ្លើង។ បច្ចុប្បន្ន តៃវ៉ាន់មានកងទ័ពបម្រុងប្រមាណ ២.៣លាននាក់។
គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងរវាងតៃវ៉ាន់និងចិន បានកើនឡើងជាខ្លាំង ដោយសារតែការធ្វើប្រតិបត្តិការយោធាកាន់តែញឹកញាប់ របស់ទីក្រុងប៉េកាំង នៅក្បែរកោះតៃវ៉ាន់ ជាពិសេសតាមរយៈ ការចល័តក្រុមយន្តហោះយោធាចិនជាដដែលៗ ចូលក្នុងតំបន់ការពារដែនអាកាសរបស់ ដីកោះនេះ។
កាលពីខែមុន រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឆូវ គូឆឹង (Chiu Kuo-cheng) បានចាត់ទុកស្ថានការណ៍បច្ចុប្បន្នថា មានសភាពធ្ងន់ធ្ងរជាខ្លាំង ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ហើយលោកបានទទូចឲ្យបង្កើន ការចំណាយបន្ថែមលើវិស័យយោធា ជាពិសេសលើការអភិវឌ្ឍសព្វាវុធ៕