(ស៉ីដនី)៖ ក្រុមអ្នកស្រាវជ្រាវមកពី វិទ្យាស្ថានស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តហ្កាវ៉ាន នៃប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ បានបញ្ចេញការសិក្សាថ្មីមួយ ដែលបង្ហាញពីយុទ្ធសាស្រ្ត ដើម្បីជួយឲ្យវ៉ាក់សាំង COVID-19 អាចមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មីដទៃៗទៀតរបស់ជំងឺនេះ នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
ការសិក្សាខាងលើបានវាយតម្លៃចំពោះ អង់ទីករដែលអាចកកើតឡើងដោយវ៉ាក់សាំងនាពេលអនាគត និងចំពោះប្រសិទ្ធភាពរបស់ពួកវា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗទៀតនៃ COVID-19 ខណៈយុទ្ធសាស្រ្តបច្ចុប្បន្ន អាចនឹងបាត់បង់ប្រសិទ្ធភាព ទៅតាមពេលវេលា។ លោក គ្រីស ហ្គូដណាវ (Chris Goodnow) ដែលជាសាស្រ្តាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានខាងលើ បាននិយាយថា វ៉ាក់សាំង COVID-19 សព្វថ្ងៃ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ភាពធ្ងន់ធ្ងរនិងសមត្ថភាពចម្លងនៃ COVID-19 ពិតមែន ប៉ុន្តែវីរុសបំប្លែងថ្មីផ្សេងៗទៀតនៃជំងឺនេះ នាពេលខាងមុខ អាចនឹងគេចខ្លួនផុតពីយុទ្ធសាស្រ្តបច្ចុប្បន្ន។
ទាក់ទងបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវខាងលើ បានបង្កើតរបកគំហើញគួរឲ្យចាប់អារម្មណ៍មួយ នៅពេលតាមដានលើអង់ទីករ ដែលកកើតពី វីរុសពាក់ព័ន្ធមួយគឺ SARS-CoV-1 ដែលជាវីរុសនៃជំងឺ SARS ដែលផ្ទុះឡើងកាលពីឆ្នាំ២០០៣។ ពួកគេបានអះអាងថា លទ្ធផលបានមកពី ការសិក្សាលើអង់ទីករទាំងនោះ អាចយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 មួយ ដែលនឹងនៅរក្សាប្រសិទ្ធភាពរហូត ទោះបីវីរុសបំប្លែងខ្លួនថ្មីៗ លេចឡើងជាបន្តបន្ទាប់ទៀតក៏ដោយ។
គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់ក្រុមអ្នកស្រាវជ្រាវដដែល ការត្រៀមលក្ខណៈសម្រាប់វីរុសបំប្លែងខ្លួនថ្មីៗនៃ COVID-19 ដែលអាចគេចពីវ៉ាក់សាំងបច្ចុប្បន្ន គឺជារឿងដ៏សំខាន់បំផុត។ ដូច្នេះហើយ ទើបគោលដៅចម្បងរបស់ពួកគេ គឺខិតខំប្រឹងប្រែងអភិវឌ្ឍន៍វ៉ាក់សាំងរួមមួយ ដែលមិនចាំបាច់ត្រូវធ្វើការកែសម្រួលអ្វីឡើយ សម្រាប់វីរុសបំប្លែងថ្មីនានានៃ COVID-19 ដែលអាចលេចឡើង នាពេលអនាគត៕