Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi នឹងក្លាយជាអគ្គលេខាធិការបក្សកាន់អំណាច របស់ប្រទេសជប៉ុន (Video inside)

02-11-2021 14:36

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមមីអុ គីហ្ស៉ីដា (Fumio Kishida) បានជ្រើសរើសតែងតាំងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូហ្ស៉ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) ជាអគ្គលេខាធិការនៃគណបក្សកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អាគីរ៉ា អាម៉ារី (Akira Amari) ដែលជាអគ្គលេខាធិការបច្ចុប្បន្ន នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក Fumio Kishida បានបង្ហាញពីចេតនារបស់លោកក្នុងការលាលែងពីតំណែង បន្ទាប់ពីការបរាជ័យនៅស្រុកដែលលោកឈរឈ្មោះ ក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលាកន្លងទៅនេះ។

លោក Toshimitsu Motegi បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញនេះថា លោកត្រូវបានគេស្នើឱ្យឡើងកាន់តំណែងបន្តពីលោក អាម៉ារី ហើយលោកបានទទួលយកសំណើរនេះរួចហើយដែរ។

គួរបញ្ជាក់ថា ភារកិច្ចដ៏ធំបំផុតមួយសម្រាប់អគ្គលេខាធិការ LDP គឺត្រូវមើលការខុសត្រូវលើ រាល់សកម្មភាពនានាទាក់ទងនឹង ការបោះឆ្នោតរបស់គណបក្ស៕