(អាប៊ូហ្សា)៖ មនុស្សយ៉ាងហោច៦នាក់ បានបាត់បង់ជីវិត នៅទីក្រុងឡាហ្កោស (Lagos) នៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីអគារខ្ពស់មួយខ្នង បានដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
អាជ្ញាធរនីហ្សេរីយ៉ា បាននិងកំពុងបន្តប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីតាមស្វែងរកជនរងគ្រោះ ដែលជាប់ក្រោមគំនរបាក់បែកនៃអគារ ហើយអាចនៅមានជីវិត ដោយមកទល់ពេលនេះ ៤នាក់ត្រូវបានជួយសង្រ្គោះ។ យោងតាមសាក្សី មនុស្សរហូតដល់១០០នាក់ កំពុងតែបាត់ខ្លួន ក្រោយអគារខាងលើដួររលំចុះមក កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។
គួរបញ្ជាក់ថា អគារដែលដួលរលំនោះ មានកម្ពស់ជាង២០ជាន់ និងស្ថិតក្នុងផ្នែកនៃក្រុមអគារស្នាក់នៅបែបប្រណិតចំនួន៣ខ្នង ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅឡើយ ដោយក្រុមហ៊ុនឈ្មោះថា Fourscore Homes៕