(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ការិយាល័យអគ្គលេខាធិការ នៃទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិក បានប្រកាសពីរបាយការណ៍ដោះលេខសម្ងាត់ អំពីបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ដោយបានលេងកលល្បិចចាស់ៗម្តងទៀត ដែលធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស ទៅជាកិច្ចការនយោបាយ ប៉ុនប៉ងញាក់ខ្សែបញ្ជាពីក្រោយមតិសាធារណៈ ដើម្បីបំភាន់ភ្នែកសាធារណជន។ យ៉ាងណាមិញ ក្នុងបរិបទបច្ចុប្បន្នដែលការរួមសាមគ្គីគ្នា ធ្វើសហប្រតិបត្តិការបានក្លាយជាគំនិតឯកភាពរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល អាមេរិកបែរជាប្រព្រឹត្តិទៅផ្ទុយនឹងនិន្នាការ ទង្វើនេះគឺខុសឆ្គងក្រៃលែង។ ផ្ទុយទៅវិញ របាយការណ៍នេះបានដាស់តឿនសហគមន៍អន្តរជាតិថា ដល់ពេលដែលត្រូវធ្វើការស៊ើបអង្កេត រកប្រភពដើមនៃវីរុសកូវីដ ១៩ ចំពោះអាមេរិកហើយ!។
តើអាមេរិកមិនបានមើលឃើញច្បាស់នូវការពិតជាក់ស្តែង ដែលពិភពលោកទាំងមូលទទួលស្គាល់ជាទូទៅដែលថា អាមេរិកគ្មានសិទ្ធិធ្វើការស៊ើបអង្កតឯករាជ្យ ដើម្បីរកប្រភពដើមនៃវីរុសកូវីដ១៩ ដោយមិនឆ្លងតាមរយៈអង្គការសុខភាពពិភពលោកនោះទេ ជាងនេះទៅទៀត ការបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ ដែលបានប្រព្រឹត្តិអំពើអាក្រក់ជាច្រើន ទៅធ្វើការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ វាគឺជារឿងមិនសមហេតុផល និងគ្មានលក្ខណៈវិទ្យាសាស្រ្តបំផុត។ ដូច្នេះ ពេលស្ថាប័នស៊ើបការណ៍របស់អាមេរិក បានប្រកាសអ្វីដែលហៅថា ខ្លឹមសារដកស្រង់របាយការណ៍ដោះលេខសម្ងាត់ អំពីបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ច្បាប់នេះកាលពីខែសីហាឆ្នាំនេះ វាក៏ត្រូវបានរងការរិះគន់ជាទូទៅ ពីសំណាក់មជ្ឈដ្ឋានមតិអន្តរជាតិ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានសម្តែងការប្រឆាំងយ៉ាងដាច់ខាតផងដែរ។ របាយការណ៍ដោះលេខសម្ងាត់ដែលអាមេរិកបានចេញផ្សាយលើកនេះ គឺស្រដៀងគ្នានឹងខ្លឹមសារដកស្រង់របាយការណ៍កាលពីមុន ដែលពោរពេញទៅដោយពាក្យសម្តី ដូចជា "ភស្តុតាងមិនគ្រប់គ្រាន់" និង "មិនអាចធ្វើការសន្និដ្ឋានបាន" ជាដើម ដោយបង្ហាញម្តងទៀតថា ធាតុពិតរបស់វាគឺជារបាយការណ៍ក្លែងក្លាយ ផ្នែកនយោបាយទាំងស្រុង ពោលគឺគ្មានជំនាញវិទ្យាសាស្ត្រ និងភាពជឿទុកចិត្តទាល់តែសោះ។
ពាក្យកុហកទោះជានិយាយ ១ពាន់ដងទៀតក៏ដោយ ក៏វានៅតែជាពាក្យកុហកដែរ ប៉ុន្តែពេលវេលាដែលអាមេរិកប្រកាសរបាយការណ៍ច្បាប់នេះ គឺគួរឱ្យចាប់អារម្មណ៍។ នៅថ្ងៃបន្ទាប់ សន្និសីទកំពូលថ្នាក់ដឹកនាំនៃប្រទេស G20 ក្រុងរ៉ូមបានបើកធ្វើ ហើយកិច្ចប្រជុំកំពូលលើកនេះ បានផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លង។ ព្រមពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោកកំពុងត្រៀមលក្ខណៈ ដើម្បីរៀបចំការងារតាមដានរកប្រភពដើមនៃវីរុសដំណាក់កាលទី ២។ ការដែលស្ថាប័នស៊ើបការណ៍របស់អាមេរិក បានជ្រើសរើសពេលវេលានេះទៅប្រកាសអ្វីដែលហៅថា របាយការណ៍ដោះលេខសម្ងាត់ អំពីបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ វាច្បាស់ណាស់ថា គឺផ្ទុយស្រឡះពីទំនួលខុសត្រូវដែលត្រូវតែរ៉ាប់រងរបស់ប្រទេស G20 ចេតនាអាក្រក់របស់អាមេរិក ដែលប៉ុនប៉ងចាប់ពង្រត់អង្គការសុខភាពពិភពលោក និងជះឥទ្ធិពលអវិជ្ជមានដល់ការងារតាមដាន រកប្រភពដើមនៃវីរុសដំណាក់កាលក្រោយ គឺត្រូវលាតត្រដាងយ៉ាងច្បាស់លាស់។
ការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ជាបញ្ហាវិទ្យាសាស្រ្តយ៉ាងម៉ឺងម៉ាត់ និងស្មុគស្មាញ គួរតែអាស្រ័យដោយអ្នកវិទ្យាសាស្រ្តនៅទូទាំងពិភពលោក រួមសហការគ្នាធ្វើការសិក្សាស្រាវជ្រាវ។
ការយកឈ្នះលើវីរុសកូវីដ១៩ ពិភពលោកត្រូវរួមសាមគ្គីគ្នាធ្វើសហប្រតិបត្តិការ តែមិនមែនទម្លាក់កំហុសឱ្យគេ និងច្រានចោលទំនួលខុសត្រូវ។ អាមេរិកគួរតែបញ្ឈប់ការលេងកលល្បិចនយោបាយភ្លាម និងគាំទ្រការងារតាមដានរកប្រភពដើមនៃវីរុស តាមជំនាញវិទ្យាសាស្ត្រ ដោយអាកប្បកិរិយាមានទំនួលខុសត្រូវ។ ជាងនេះទៅទៀត អាមេរិកគួរតែឆ្លើយតបនឹង ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ និងបើកចំហបន្ទប់ពិសោធន៍ជីវសាស្ត្រ Fort Detrick ព្រមនិងមូលដ្ឋានជីវសាស្ត្រនៅបរទេសរបស់អាមេរិក ក្នុងពេលឆាប់ៗដើម្បីទទួលការស៊ើបអង្កេតពីអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក៕ (#CCFR Comment#)