(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សរុប ១៥លានដូស កំពុងត្រូវបានរៀបចំ ដើម្បីបញ្ជូនទៅកាន់បណ្តារដ្ឋនានា ខណៈយុទ្ធនាការចាក់ដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចនឹងត្រូវធ្វើឡើង ចាប់ពីសប្តាហ៍ក្រោយនេះទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ចេហ្វ ហ្សៀនស៍ (Jeff Zients) មន្ត្រីសម្របសម្រួលកិច្ចការពាក់ព័ន្ធ ការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានៃសេតវិមាន បានគូសបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនវ៉ាក់សាំង ទៅកាន់បណ្តារដ្ឋនានានឹងកើតឡើងក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទៀត ហើយរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងក្នុងចំនួនគ្រប់គ្រាន់ ដើម្បីចាក់ឲ្យក្មេងៗស្ថិតក្នុងក្រុមអាយុខាងលើ ដែលមានចំនួនខ្ទង់ ២៨លាននាក់។
លោក Jeff Zients បានថ្លែងយ៉ាងដូច្នេះថា «យើងបានត្រៀមខ្លួនចេញយុទ្ធនាការរួចហើយ ដោយត្រូវរង់ចាំតែសេចក្តីណែនាំរបស់ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) តែប៉ុណ្ណោះ។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ដែលជាការចាប់ផ្តើមនៃសប្តាហ៍ថ្មី កម្មវិធីចាក់វ៉ាក់សាំងដល់ក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំរបស់យើង នឹងប្រព្រឹត្តទៅដោយពេញលក្ខណៈ»។ បើតាមលោក Zients ឪពុកម្តាយទាំងឡាយអាចនាំកូនៗរបស់ពួកគេ ដែលស្ថិតក្នុងក្រុមអាយុនេះ ទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលផ្តល់សេវា ដែលស្ថិតនៅជិតផ្ទះ។
គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំពោះក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតកំណត់ច្បាស់លាស់មួយ នោះគឺក្នុងម្នាក់ៗតម្រូវឲ្យចាក់តែ ១០មីក្រូក្រាមប៉ុណ្ណោះនៅក្នុងមួយដូស ដែលតិចជាងមនុស្សធំដែលត្រូវចាក់ក្នុងកម្រិត ៣០មីក្រូក្រាម៕