(ក្លាសហ្គូវ)៖ មេដឹកនាំពិភពលោកមកពីច្រើនជាង១០០ប្រទេស បានសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការធ្លាក់ចុះគុណភាពដីនៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ ជាមួយការសន្យាបញ្ចេញកញ្ចប់ថវិកា ១៩ពាន់លានដុល្លារដើម្បីគាំទ្រដល់កិច្ចការពារ និងដាំដើមឈើឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
ការសន្យាខាងលើធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះតាមរយៈសេចក្ដីថ្លែងការណ៍រួម នៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុងក្លាសហ្គូ (Glasgow) ប្រទេសស្កុតលែន។ សេចក្ដីថ្លែងការណ៍រួមនេះទទួលបានការគាំទ្រពីបណ្ដាមេដឹកនាំនៃប្រទេសច្រើនជាង ១០០ ក្នុងនោះរួមទាំងប្រេស៊ីល, ឥណ្ឌូណេស៊ី, និងសាធារណរដ្ឋប្រធិបតេយ្យកុងហ្គូ ហើយដែលប្រទេសទាំងអស់នេះរួមបញ្ចូលគ្នាមានព្រៃឈើគ្របដណ្ដប់ ៨៥ភាគរយនៃព្រៃឈើពិភពលោក។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍រួមស្ដីពីព្រៃឈើ និងការប្រើប្រាស់ដីរបស់ក្រុមមេដឹកនាំដែលបានចូលក្នុងសន្និសីទ COP26 នឹងគ្របដណ្ដប់លើព្រៃឈើ សរុប ៣៣.៦លានគីឡូម៉ែត្រក្រឡា ខណៈបើតាមស្ថិតិរបស់វិទ្យាស្ថានធនធានពិភពលោក World Resources Institute (WRI) ពិភពលោកបានបាត់បង់ព្រៃឈើ ២៥៨,០០០គីឡូម៉ែត្រក្រឡា កាលពីឆ្នាំ២០២០៕