(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ គូតឺរែស (Antonio Guterres) នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានសមភាពនៃការទទួលបាន វ៉ាក់សាំងបង្ការជំងឺ COVID-19 រួមនិងការបន្តប្រុងប្រយ័ត្នជាប់ជានិច្ចប្រឆាំងនឹង COVID-19 ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះ កើនលើស៥លាននាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Guterres បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមទទូចឲ្យបណ្តាមេដឹកនាំពិភពលោក ផ្តល់ការគាំទ្រទាំងស្រុង ចំពោះយុទ្ធសាស្រ្តការចាក់វ៉ាក់សាំងជាសកល ដែលខ្ញុំបានចាប់ផ្តើមឡើងជាមួយអង្គការសុខភាពពិភពលោក កាលពីខែតុលាកន្លងទៅ។ យើងត្រូវតែផ្តល់វ៉ាក់សាំងទៅដល់ដៃប្រជាជន៤០ភាគរយ នៃប្រទេសនានាជុំវិញពិភពលោក ឲ្យបាននៅត្រឹមចុងឆ្នាំ២០២០ ហើយដល់៧០ភាគរយ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២»។
លោកប្រមុខដឹកនាំ UN បានសង្កត់ធ្ងន់ថា ការដែល COVID-19 បន្តផ្តាច់ជីវិតមនុស្សលើស៥លាននាក់បែបនេះ គឺជាការព្រមានយ៉ាងច្បាស់ ដែលដាស់តឿនឲ្យពួកយើងទាំងអស់គ្នា ត្រូវរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវធ្វេសប្រហែសដាច់ខាត ព្រោះ COVID-19 មិនទាន់ចប់នោះទេ។
គួរបញ្ជាក់ថា យោងតាមវែបសាយ worldometers គិតត្រឹមល្ងាចថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានបន្តកើនដល់២៤៧.៥លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៥,០១៦,៩៦៥នាក់៕