(តូក្យូ)៖ ប្រជាជនជប៉ុននៅទូទាំងប្រទេសដែលបានចុះឈ្មោះបោះឆ្នោត បានចាប់ផ្ដើមទម្លាក់សន្លឹកឆ្នោតរបស់ពួកគេក្នុងហិបឆ្នោតហើយនៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីជ្រើសរើសតំណាងរាស្ត្រនៃសភាជាន់ទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK។
លោក Kishida Fumio ដែលទើបតែបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនមិនទាន់ដល់មួយខែផង បាននិយាយថាប្រសិនបើគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សជាដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោក គឺគណបក្ស Komeito អាចរក្សាសំឡេងភាគច្រើនបាន នោះលោកនឹងចាត់ទុកថាវាជាជ័យជម្នះ។ លោក Kishida បានដាក់គោលដៅឱ្យរដ្ឋាភិបាលចម្រុះរបស់លោក ត្រូវយកឱ្យបាននូវអាសនៈយ៉ាងហោច ២៣៣អាសនៈ នៅក្នុងចំណោមអាសនៈសរុប ៤៦៥អាសនៈ នៃសភាជាន់ទាប។
គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជប៉ុន នឹងបិទទ្វារនៅម៉ោង ៨ យប់នេះ ដើម្បីចាប់ផ្ដើមរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល៕