(ប៉េកាំង)៖ នៅថ្ងៃទី៣០ ខែតុលានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរូមកិច្ចប្រជុំដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលលើកទី១៦នៃមេដឹកនាំប្រទេស G20 នៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានលើកឡើងនូវគំនិតផ្តូចផ្តើមប្រតិបត្តិការ ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល។ ទី១ គឺពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រខាងវ៉ាក់សាំង ហើយនិងគាំទ្រក្រុមហ៊ុនវ៉ាក់សាំង រួមសហការក្នុងការស្រាវជ្រាវ និងផលិតជាមួយប្រទេសកំពុងអភិវឌ្ឍន៍។
ទី២ គឺរក្សាភាពយុត្តិធម៌និងសមភាព បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តគោលដៅចាក់វ៉ាក់សាំងជាសកលឆ្នាំ២០២២ ដែលលើកឡើងដោយអង្គការសុខភាពពិភពលោក។ ទី៣ គឺគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក សម្រេចចិត្តលើការលើកលែងកម្មសិទ្ធិបញ្ញាវ៉ាក់សាំងក្នុងពេលឆាប់ៗ ហើយនិងលើកទឹកចិត្តក្រុមហ៊ុនវ៉ាក់សាំងផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
ទី៤ គឺពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មខាងវ៉ាក់សាំងនិងវត្ថុធាតុដើមដោយរលូន។ ទី៥ គឺប្រកាន់ខ្ជាប់អាកប្បកិរិយាស្មើភាពចំពោះវ៉ាក់សាំងគ្រប់ប្រភេទ ដោយជំរុញការទទួលស្គាល់គ្នាទៅវិញទៅមកនៃវ៉ាក់សាំង ដោយផ្អែកលើបញ្ជីប្រើប្រាស់វ៉ាក់សាំងក្នុងភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក។
ចុងក្រោយ ទី៦គឺផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបានវ៉ាក់សាំង៕