(រីយ៉ាដ)៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសលីបង់ត្រលប់មកវិញ បន្ទាប់ពីបានទុកពេល៤៨ម៉ោង ឲ្យឯកអគ្គរដ្ឋទូតលីបង់ចេញ ព្រះរាជាណាចក្រអារ៉ាប់មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ក៏បានប្រកាសពីការផ្អាកជាបន្ទាន់ផងដែរ ចំពោះការនាំចូលរាល់ផលិតផលទាំងអស់របស់លីបង់។
អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធសប្ដាហ៍នេះ បានកោះហៅឯកអគ្គរដ្ឋទូតលីបង់ឱ្យចូលខ្លួនបកស្រាយ ជុំវិញការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក ចច ខដាហ៉ី (George Kordahi) ដែលបាននិយាយរិះគន់ ក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិលរបស់ប្រទេសយេម៉ែន។
យ៉ាងណាមិញ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ការសម្រេចចិត្តនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋលីបង់ ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតទេ៕