(រ៉ូម)៖ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងសុខាភិបាល មកពីប្រទេស G20 កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានព្រមព្រៀងគ្នាលើការបង្កើត ក្រុមការងារចម្រុះពិសេសមួយ ដើម្បីត្រៀមខ្លួននិងដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺរាតត្បាតជាសកលថ្មីៗទៀត នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។
ក្រុមរដ្ឋមន្រ្តី G20 បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា «ពួកយើងនៅតែមានការប្តេជ្ញាខ្ពស់ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 នៅគ្រប់ទីកន្លែង ឲ្យបានឆាប់តាមតែធ្វើទៅបាន ហើយយកប្រជាជនជាស្នូល នៃការត្រៀមលក្ខណៈ ព្រមទាំងនឹងព្យាយាមពង្រឹង កិច្ចប្រឹងប្រែងរួមរបស់យើង ក្នុងការទប់ស្កាត់ តាមដាន រាយការណ៍ និងឆ្លើយតប ចំពោះភាពអាសន្នសុខាភិបាលនានា »។
ក្រុមរដ្ឋមន្រ្តីខាងលើបានបន្តថា ក្រុមការងារចម្រុះដែលត្រូវបង្កើតឡើង នឹងបង្កើនកិច្ចសហប្រតិបត្តិការជាសកល លើបញ្ហាទាក់ទងទៅនឹង ការបង្ការ ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះជំងឺឆ្លងរាលដាលសកល ដែលជាលទ្ធផលសហគមន៍អន្តរជាតិ នឹងមានឱកាសត្រៀមខ្លួនបានប្រសើរជាងមុន ក្នុងករណីដែលជំងឺឆ្លងកាចសាហាវដទៃទៀត លេចឡើងនាថ្ងៃអនាគត។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើង មុនកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេស G20 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែតុលា នៅឯទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី៕