(រ៉ូម)៖ នៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុមប្រទេស G20 លើកទី ១៦ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី, មេដឹកនាំនៃអង្គការពហុជាតិជាច្រើន បានអំពាវនាវឱ្យវេទិកាដែលមានចំនួន ១៩ ប្រទេស បូករួមទាំងសហភាពអឺរ៉ុប (EU) មួយទៀតនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ថា «យើងមើលឃើញនូវកម្រិតដ៏គ្រោះថ្នាក់ នៃការមិនទុកចិត្តគ្នារវាងប្រទេសនានា»។ យ៉ាងណាក៏ដោយ UN នៅតែសង្ឃឹមថា កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅ នៅចុងសប្តាហ៍នេះ អាចជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ពិភពលោក។
លោក Guterres ក៏បានជំរុញឱ្យក្រុមប្រទេស-តំបន់ ដែលស្ទើរតែស្នើ ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក, ប្រហែល ៨៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និង ៧៥% នៃទំហំពាណិជ្ជកម្មពិភពលោកនេះ ផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសក្រីក្រ តាមរយៈការបន្ធូរបន្ថយប្រាក់បំណុល និងការបង្កើនលទ្ធភាពនៃទទួលបានជំនួយនានា ជាពិសេសគឺវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលពិតជាចាំបាច់ខ្លាំងបំផុត។
ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ, មុនពេលចេញដំណើរពីទីក្រុងព្រុចសែល សំដៅទៅកាន់ទីក្រុងរ៉ូម ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុលឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងថា កិច្ចប្រជុំកំពូល G20 នឹងប្តេជ្ញាចំពោះគោលដៅ នៃការចាក់វ៉ាក់សាំងពេញលេញជូនប្រជាជន ៧០% នៃចំនួនប្រជាជនទាំងអស់លើភពផែនដី នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២២ ដោយសន្យាថានឹងបរិច្ចាគវ៉ាក់សាំងច្រើនជាង ៥០០លានដូសបន្ថែមទៀត។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំ G20 នឹងពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល អំពីរបៀបវារៈក្នុងការធានាឱ្យសេដ្ឋកិច្ចពិភពលោក ងើបឡើងវិញយ៉ាងរឹងមាំ និងមាននិរន្តរភាព ចំពេលនៃការបើកដំណើរការសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ នៃប្រទេសនានាលើពិភពលោក កំពុងជំរុញឲ្យតម្លៃថាមពលកើនឡើង ខណៈខ្សែសង្វាក់ផ្គត់ផ្គង់ បែរជាជួបភាពរាំងស្ទះ។
ងាកទៅមើលបញ្ហាបម្រែបម្រួលអាកាសធាតុវិញ, លោកស្រី von der Leyen បានអំពាវនាវឱ្យបង្កើនភាពជាអ្នកដឹកនាំ និងសកម្មភាពជាសកលបន្ថែមទៀត។ លោកស្រីបានសង្កត់ធ្ងន់់ថា «យើងត្រូវការការប្តេជ្ញាចិត្តនៅក្នុងភាពជាអ្នកដឹកនាំ ដែលអាចជឿទុកចិត្តបាន សម្រាប់ការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ដើម្បីឈានដល់គោលដៅ សូន្យ នៅពាក់កណ្តាលសតវត្សរ៍នេះ... ប៉ុន្តែយើងក៏ត្រូវការការប្តេជ្ញាចិត្តឲ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន នៅក្នុងទសវត្សរ៍នេះផងដែរ»។
យោងតាមប្រទេសអ៊ីតាលី, របៀបវារៈនៃកិច្ចប្រជុំកំពូល G20 នឹងគ្របដណ្តប់លើបញ្ហាសុខភាព និងសេដ្ឋកិច្ចសកល ដែលផ្តោតសំខាន់បំផុតទាក់ទងនឹង ជំងឺរាតត្បាតសកល COVID-19 រួមទាំងតម្រូវការសម្រាប់ក្រុមប្រទេស ដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍បំផុត ដើម្បីជំរុញការចែកចាយវ៉ាក់សាំង COVID-19 ជាសកលដោយស្មើភាព និងសមធម៌ ជាពិសេសទៅកាន់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានប្រាក់ចំណូលទាប។ សម្រាប់បញ្ហានៅអាហ្វហ្គានីស្ថាន ក៏នឹងត្រូវលើកឡើងផងដែរ នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ដល់ទី ៣១ ខែតុលា ឆ្នាំ២០២១ ទាំងតាមរយៈការជួបមុខគ្នាផ្ទាល់ផង និងប្រព័ន្ធវីដេអូផង៕