(រ៉ូម)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បានជួបពិភាក្សាគ្នា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅឯទីក្រុងរ៉ូម ហើយអ្នកទាំងពីរបានប្តេជ្ញាគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបង្ហាញក្តីបារម្ភជាខ្លាំង ជុំវិញសម្ពន្ធភាពសន្តិសុខត្រីភាគី រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី ហៅថា AUKUS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។
លោក វ៉ាង និងលោកស្រី ម៉ាស៊ូឌី កំពុងបំពេញដំណើរទស្សនកិច្ច នៅប្រទេសអ៉ីតាលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G20។ នាឱកាសជួបពិភាក្សាគ្នា លោក វ៉ាង បានស្ងើចសរសើរទំនាក់ទំនងចិន-ឥណ្ឌូណេស៉ី ដោយលោកបានថ្លែងថា ចំណងទ្វេភាគីកំពុងតែ អភិវឌ្ឍទៅមុខយ៉ាងរលូន នៅក្រោមមាគ៌ាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
ចំណែកលោកស្រី ម៉ាស៊ូឌី បានថ្លែងថា លោកស្រីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែការ និងមានភាពជាក់ស្តែងជាមួយប្រទេសចិន ហើយឥណ្ឌូណេស៉ីរពិតជាអរគុណចំពោះ កិច្ចសហប្រតិបត្តិរបស់ចិន ពាក់ព័ន្ធនឹងវ៉ាក់សាំង COVID-19 ដែលបានជួយគាំទ្រ ប្រទេសលោកស្រី ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតជាសកលនេះ។ ប្រមុខការទូតចិន-ឥណ្ឌូណេស៉ី បានប្តេជ្ញាថានឹងពង្រឹងទំនាក់ទំនង ឲ្យកាន់តែរឹងមាំថែមទៀត។
គួរបញ្ជាក់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីរក៏បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងផងដែរ ជុំវិញហានិភ័យនៃការរីកសាយអាវុធនុយក្លេអ៊ែរ ដែលបង្កឡើងដោយសម្ពន្ធភាពសន្តិសុខ AUKUS ខណៈនៅក្នុងនោះ អូស្រ្តាលីនឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមការជួយជ្រោមជ្រែងពីអាមេរិកនិងអង់គ្លេស៕