(រ៉ង់ហ្គូន)៖ តុលាការនៃរបបយោធាមីយ៉ាន់ម៉ា បានផ្តន្ទាទោសមនុស្សជំនិតម្នាក់ នៃអតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូ ជី ដាក់ពន្ធនាគារ «២០ឆ្នាំ» កាលពីថ្ងៃសុក្រសប្តាហ៍នេះពីបទ «ក្បត់ជាតិ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១។
មនុស្សជំនិតរបស់លោកស្រី ស៊ូ ជី ខាងលើនេះ គឺលោក យូ វីន ថេន (U Win Htein) ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ក្រោយការកាត់ក្តីស្ថិតក្នុងផ្នែក 124A នៃតុលាការពិសេសមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែតុលា។ លោក U Win Htein អតីតសមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់ដំបូងគេហើយ របស់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលត្រូវបានផ្តន្ទាទោសដោយតុលាការ គិតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
គួរបញ្ជាក់ថា កន្លងមកលោក U Win Htein ដែលត្រូវបានចាត់ទុកជា «ដៃស្តាំ» របស់លោកស្រី អោង សាន ស៊ូ ជី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ ទាក់ទងទៅសួរនាំជានិច្ចកាល ព្រោះលោកគឺជាអ្នកដែលអាចដឹងថា លោកស្រី អោង សាន ស៊ូ ជី និងមេដឹកនាំមីយ៉ាន់ម៉ាដទៃៗទៀតកំពុងគិតអ្វី ឬចង់និយាយអ្វី។ បីថ្ងៃមុនពេលលោកត្រូវបានចាប់ខ្លួន បន្ទាប់ពីរដ្ឋប្រហារផ្ទុះឡើង លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ចេតនាចង់ទម្លាក់យោធា គឺមិនមែនជាទង្វើប្រកបដោយប្រាជ្ញាទេ ហើយលោកថែមទាំងបាននិយាយទៀតថា មេដឹកនាំទាំងអស់បានដឹកនាំប្រទេសមីយ៉ាន់់ម៉ា នៅរកផ្លូវខុស៕