(បាងកក)៖ កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ បានចូលកាន់តំណែងមួយ ក្នុងគណបក្សមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយឪពុករបស់នាង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning post។
គណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃគឺគណបក្សភឿថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់បក្ស នៅក្នុងខេត្ត Khon Kaen ភាគ ភាគឦសានរបស់ប្រទេស។ នាឱកាសនោះ គណក្សមួយនេះបានសម្រេចធ្វើកំណែរទម្រង់ស៊ីជម្រៅ និងកែសម្រួលរចនាសម្ព័ន្ធរបស់គណបក្ស។
អ្វីដែលឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺ ការប្រកាសតែងតាំងលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ជាប្រធានគណៈកម្មាធិការប្រឹក្សាសមាហរណកម្ម និងនវានុវត្តន៍ របស់បក្ស។ ហើយការតែងតាំងនេះត្រូវបានគេមើលឃើញថា អាចនឹងជាក្លាយបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សទៀតផង។
លោកស្រី Paetongtarn អាយុ៣៥ឆ្នាំ បច្ចុប្បន្នមានតួនាទីជានាយកប្រតិបត្តិ នៃក្រុមហ៊ុនមួយក្នុងវិស័យបដិសណ្ឋារកិច្ច។
ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំបក្ស លោកស្រី Paetongtarn បានលើកឡើងថា លោកស្រីមានភាពស្និទ្ធស្នាលជាមួយឪពុករបស់គាត់ណាស់ ហើយបានជួបឪពុកគាត់ជាញឹកញាប់។ លោកស្រីបានបន្ថែម ថា ឪពុក របស់ ស្រី « ចង់ ត្រឡប់ មក ប្រទេស ថៃ វិញ » ។
លោក Kovit Wongsurawat ជាសាស្ត្រាចារ្យរងនៅសាលាច្បាប់នៅទីក្រុងបាងកកបាននិយាយថា ការតែងតាំងលោកស្រី Paetongtarn នេះ ទោះចង់ឬមិនចង់វាបានបង្ហាញថា លោក ថាក់ស៊ីន នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងគណបក្សភឿថៃ និងជាអ្នកធ្វើការសម្រេចចិត្តដ៏សំខាន់របស់បក្សនេះ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បច្ចុប្បន្នរស់នៅភាគច្រើននៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីចៀសគេចវេសពីកាត់ទោសនៅក្នុងប្រទេសថៃ ជុំវិញបទចោទប្រកាន់ពីបទពុករលួយ ដែលគាត់បានអះអាងថា មានហេតុផលនយោបាយ៕