(ប៉េកាំង)៖ ព្រលានយន្តហោះនៅទីក្រុងប៉េកាំង បានលុបចោលការហោះហើររាប់រយជើង នៅថ្ងៃសុក្រនេះ ខណៈការធ្វើដំណើរត្រូវបានរឹតត្បិត នៅទូទាំងប្រទេសចិន ដើម្បីទប់ស្កាត់ចង្កោមឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលទើបផ្ទុះឡើងជាថ្មី ហើយចំពេលដែលរដ្ឋធានីចិននេះ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
ការឆ្លងរាតត្បាត COVID-19 ទើបតែបានលេចឡើងជាថ្មី ក្នុងប្រទេសចិន ភាគច្រើននៅតំបន់ភាគខាងជើង ដោយទីក្រុងមួយចំនួនត្រូវបានដាក់ ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់។ ទោះករណីឆ្លងសរុបសម្រាប់រលកឆ្លងរាតត្បាតថ្មីនេះ មានចំនួននៅឡើយក៏ដោយ គឺក្រោម២៥០ករណី ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ អាជ្ញាធរចិនបានបង្កើនការប្រុងប្រយ័ត្នជាខ្លាំង។
នាថ្ងៃសុក្រនេះ ការហោះហើរប្រហែលពាក់កណ្តាល នៅឯអាកាសយានដ្ឋានធំៗទាំងពីរប្រចាំរដ្ឋធានីប៉េកាំង ត្រូវបានលុបចោល។ មកទល់ឥឡូវ មនុស្សប្រមាណ៦លាននាក់ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ នៅទូទាំងប្រទេសចិន ក្នុងនោះរួមមាន ៤លាននាក់ នៅទីក្រុងឡានចូវ (Lanzhou) ភាគពាយព្យ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕