(ឡុងដ៍)៖ សម្តេច ប៉ាប ហ្វ្រង់ស៉ីស (Pope Francis) បានមានបន្ទូលនៅក្នុងសារមួយ ដែលបានចេញផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះថា មេដឹកនាំនយោបាយត្រូវតែ «ផ្តល់ក្តីសង្ឃឹមជាក់ស្តែង» ដល់មនុស្សជំនាន់ក្រោយថា ពួកគេកំពុងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដែលត្រូវការជាចាំបាច់ក្នុងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ នៅពេលពួកគេជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីការប្រែប្រួលអាកាសធាតុ «COP26» នាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
កិច្ចប្រជុំកំពូល COP26 របស់អង្គការសហប្រជាជាតិ (UN) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុង ក្លាសកូវ (Glasgow) នៃប្រទេសស្កុតលែន។ នៅមុនកិច្ចប្រជុំមកដល់ សម្តេច Pope Francis បានជំរុញឱ្យមាន «ស្មារតីទទួលខុសត្រូវរួមគ្នាសម្រាប់ពិភពលោករបស់យើង» ដើម្បីឲ្យមានសកម្មភាពជាក់ស្តែងលេចឡើង។
សម្ដេច Pope Francis បានមានបន្ទូលតាមតាមរយៈវិទ្យុ BBC ថា «នេះជាភាពចាំបាច់ដែលយើងម្នាក់ៗ ត្រូវប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរទិសដៅជាបន្ទាន់។ មេដឹកនាំនយោបាយដែលនឹងជួបគ្នា នៅក្នុងកិច្ចប្រជុំកំពូល COP26 ត្រូវបានកោះហៅជាបន្ទាន់ ដើម្បីផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិអេកូឡូស៊ីនាពេលបច្ចុប្បន្ននេះ និងតាមរបៀបនេះ ដើម្បីផ្តល់ក្តីសង្ឃឹមជាក់ស្តែងដល់មនុស្សជំនាន់ក្រោយ»។
ជុំវិញបញ្ហាខាងលើនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែងថា កិច្ចប្រជុំកំពូល (COP26) គឺពិតមានសារៈសំខាន់ដ៏មិនគួរឱ្យជឿ ប៉ុន្តែលទ្ធផលគឺស្ថិតនៅក្នុងតុល្យភាពនៅឡើយ ព្រោះការពិភាក្សានឹងមានភាពលំបាក។ សម្ដេច Pope Francis បានមានបន្ទូលបន្ថែមថា កិច្ចប្រជុំកំពូលនឹងមានភាព «លំបាក» ប៉ុន្តែវាក៏តំណាងឱ្យ «ឱកាស» មួយផងដែរ៕