(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងរៀបចំដំណើរការ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឲ្យក្មេងៗអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ បន្ទាប់ពីក្រុមជំនាញនៅសហរដ្ឋអាមេរិក បានណែនាំឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុម័តការចាក់វ៉ាក់សាំងនេះ ដល់ក្មេងៗស្ថិតក្នុងក្រុមអាយុនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
ក្រុមទីប្រឹក្សានៃរដ្ឋបាលឱសថ និងចំណីអាហារ (FDA) របស់សហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយគាំទ្រចំពោះការអនុម័តឲ្យប្រើ វ៉ាក់សាំងបង្ការជំងឺ COVID-19 «Pfizer-BioNTech» សម្រាប់កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ បន្ទាប់ពីពួកគេបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនេះ គឺមានច្រើនលើសលប់លើហានិភ័យ។ តែយ៉ាងណា ការសម្រេចចិត្តចុងក្រោយពី FDA នៅមិនទាន់ធ្វើឡើងនៅឡើយទេ។
គួរបញ្ជាក់តាមរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក ខៃរី ចាម៉ាលូដឌីន (Khairy Jamaluddin) បានបង្ហោះសារលើគណនី Twitter របស់លោកយ៉ាងដូច្នេះថា ជម្រើសផ្សេងទៀតមានដូចជា វ៉ាក់សាំង Sinovac របស់ប្រទេសចិន ក៏កំពុងស្ថិតក្នុងការពិចារណាផងដែរ ដើម្បីធានាថាសាលារៀននៅម៉ាឡេស៊ី អាចបើកឡើងវិញដោយសុវត្ថិភាព។
ម៉ាឡេស៊ីនស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងបង្ការ COVID-19 ខ្ពស់ជាងគេបំផុតទាំង ៣ របស់អាស៊ាន ដោយក្នុងនោះពីរប្រទេសទៀតគឺ សិង្ហបុរី និងកម្ពុជា។ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ម៉ាឡេស៊ីបានចាក់វ៉ាក់សាំងបង្ការជំងឺសរុប ៤៩.៦លានដូស ក្នុងនោះប្រជាជន ២៤.២លាននាក់ (៧៤.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕