(ប៉េកាំង)៖ ពេលថ្មីៗនេះ ពេលបើកបរចូលដែនសមុទ្រចិនខាងត្បូង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊ីរី USS Connecticut នៃកងទ័ពជើងទឹកអាមេរិកបានបុកនឹងរបស់មិនដឹងច្បាស់ ដែលបណ្តាលឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង។ មិនថាហានិភ័យសន្តិសុខដែលបណ្តាលមកពីហេតុការណ៍នេះ ឬអាកប្បកិរិយាមិនទំនួលខុសត្រូវរបស់អាមេរិក ក្នុងការដោះស្រាយហេតុការណ៍នេះ ដែលប៉ុនប៉ងលាក់បាំង សុទ្ធតែធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងកាន់តែច្បាស់ថា ទង្វើអនុត្តរភាពដែលខ្វះតម្លាភាពយូរមករបស់អាមេរិក គឺជាការគំរាមកំហែងខ្លាំងបំផុតចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
តាមការផ្សយដំណឹងនៃភាគីអាមេរិកបានឱ្យដឹងថា ហេតុការណ៍បុកនាវាមុជទឹកចម្បាំងបំពាក់អាវុធនុយគ្លេអ៊ែរ នៃកងទ័ពអាមេរិកគឺកើតនៅថ្ងៃទី ២ ខែតុលា ក៏ប៉ុន្តែ ៥ថ្ងៃបន្ទាប់ពីនោះ ទើបអាមេរិកបានចេញសេចក្តីប្រកាសន៍ដ៏ខ្លីមួយ។
ហេតុការណ៍នេះបានធ្វើសហគមន៍អន្តរជាតិ ស្គាល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅថា នាវាមុជទឹកចម្បាំងបំពាក់អាវុធនុយគ្លេអ៊ែរ នៃកងទ័ពអាមេរិកមានហានិភ័យខ្លាំង ក្នុងការលេចធ្លាយនុយក្លេអ៊ែរ បង្កើតជាបំពុលនុយគ្លេអ៊ែរ។
សមុទ្រចិនខាងត្បូងជាតំបន់ស្ងប់ស្ងាត់ មិនគួរក្លាយជាទីបរបាញ់ដណ្តើមផលប្រយោជន៍ នយោបាយភូមិសាស្ត្រនៃអាមេរិកទេ។ មូលហេតុនៃហេតុការណ៍លើកនេះ គឺមកពីអាមេរិកបានចាត់បញ្ជូនជាញឹកញាប់ នូវនាវាចម្បាំងយន្តហោះចម្បាំងក្នុងទ្រង់ទ្រាយធំ ដល់សមុទ្រចិនខាងត្បូងដើម្បីបង្កហេតុ និងបង្អួតសាច់ដុំ ដែលបានគំរាមដល់អធិបតេយ្យភាពទឹកដីរបស់ប្រទេសចិនជាដើម។ សូមបញ្ជាក់ថា ៧ខែដើមឆ្នាំ២០២១ កងទ័ពអាមេរិកបានស៊ើបការណ៍ខិតជិតដែនអាកាស និងដែនសមុទ្រចិនចំនួនជាង ២,០០០លើក។ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា អាមេរិកដែលជាប្រទេសក្រៅដែន គឺជាកម្លាំងជំរុញធំបំផុតនៃយោធាភាវូបនីយកម្ម ក្នុងសមុទ្រចិនខាងត្បូង និងជាប្រភពគ្រោះមហន្តរាយធំបំផុត នៃសន្តិសុខតំបន់សមុទ្រចិនខាងត្បូង។
ហេតុការណ៍បុកនាវាមុជទឹកចម្បាំងបំពាក់អាវុធនុយគ្លែអ៊ែរស៊ីរី USS Connecticut គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរដែលបានបង្កជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ អាមេរិកចាំបាច់ត្រូវបង្ហាញពីអាកប្បកិរិយាទំនួលខុសត្រូវក្នុងពេលឆាប់ៗ ដើម្បីធ្វើការពន្យល់ពិស្តារអំពីមូលហេតុ និងផលប៉ះពាល់ជាបន្តជូនប្រទេសក្នុងតំបន់ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់នៃសហគមន៍អន្តរជាតិ៕