(សេអ៊ូល)៖ គណៈកម្មាធិការនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តសេចក្តីព្រាងដំណោះស្រាយចំនួន៣ ទាក់ទងនឹងកូរ៉េខាងជើង រួមទាំងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ឆ្ពោះទៅសម្រេចឲ្យបានការបោះបង់ចោលទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង (Pyongyang)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។

ក្នុងចំណោម ដំណោះស្រាយចំនួន៣ខាងលើ មួយមានចំណងជើងថា «ដំណើរការរួមគ្នា នៃសកម្មភាពនិងការសន្ទនាតម្រង់ទិសអនាគត ឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ»។ វារួមបញ្ចូលទាំងលក្ខខណ្ឌ ដែលអំពាវនាវឱ្យកូរ៉េខាងជើងបោះបង់ចោលនូវ អាវុធនុយក្លេអ៊ែរផងដែរ។

លក្ខខណ្ឌផ្សេងទៀត នឹងធ្វើឱ្យ UNGA បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការបោះបង់ចោលទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញបាន នៃអាវុធនិងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលពាក់ព័ន្ធដទៃទៀត។

ឯកសារដែលអនុម័តមួយទៀតមានចំណងជើងថា «សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ» ផ្តោតលើការអំពាវនាវរបស់ UNGA ឱ្យកូរ៉េខាងជើងគោរពតាមយ៉ាងពេញលេញ ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ UNGA នឹងធ្វើការថ្កោលទោសជាថ្មីចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦លើក ដែលធ្វើឡើងដោយកូរ៉េខាងជើង ដែលវារំលោភលើដំណោះស្រាយពាក់ព័ន្ធ របស់ក្រុមប្រឹក្សាសន្តិសុខ និងជំរុញឱ្យមានការអនុវត្តពេញលេញដោយទីក្រុងព្យុងយ៉ាង។

UNGA នឹងស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែង និងការសន្ទនាដែលសំដៅសម្រេចបានគោលដៅទាំងនេះ រួមទាំងកិច្ចប្រជុំកំពូលអន្តរកូរ៉េ និងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់ ក្រុមប្រឹក្សាសន្តិសុខ UN ដោយសារកម្មវិធីអាវុធរបស់ខ្លួន ប៉ុន្តែកូរ៉េខាងជើងមិនបានសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយទៀតឡើយ ចាប់តាំងពីចុងឆ្នាំ២០១៧មក៕