(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈការបោះឆ្នោតសកលកាន់តែខិតជិតមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
ការបោះឆ្នោតសភាជាន់ទាបរបស់ជប៉ុន នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយវាក៏នឹងក្លាយជាការធ្វើតេស្ដមួយ សម្រាប់គណបក្ស LDP ផងដែរ ដែលកំពុង បាត់បង់ប្រជាប្រិយភាព ដោយសារការដោះស្រាយវិបត្តិ COVID-19 មិនបានល្អ។
បើតាមអ្នកជំនាញនយោបាយ ដូចជាលោក អាត់ស៊ូអុ អ៊ីតុ (Atsuo Ito), គណបក្ស LDP អាចប្រឈមមុខនឹងការបាត់បង់សំឡេងគាំទ្រច្រើន ប៉ុន្តែរដ្ឋាភិបាលចម្រុះរបស់គណបក្សមួយនេះ នឹងមិនរង្គោះរង្គើរឡើយ។ លោក Atsuo Ito ក៏បង្ហាញការរំពឹងដែរថា ចំនួនពលរដ្ឋជប៉ុនចូលរួមក្នុងការបោះឆ្នោត នឹងមានការថយចុះ។
គួរបញ្ជាក់ថា លោក Fumio Kishida មានគម្រោងឱ្យរដ្ឋាភិបាលចម្រុះរបស់លោក ដណ្ដើមអាសនៈភាគច្រើនឱ្យបានចំនួន ២៣៣អាសនៈ ក្នុងចំណោមអាសនៈសភាជាន់ទាបសរុបចំនួន ៤៦៥អាសនៈ។ ប៉ុន្តែបើតាមលទ្ធផលនៃការស្ទង់មតិថ្មីៗនេះ ចេញផ្សាយដោយសារព័ត៌មានជប៉ុន នីកកិ (Nikkei) និង យ៉ូមីអ៊ូរិ ស៊ីមប៊ុន (Yomiuri Shimbun) គណបក្ស LDP ប្រហែលជានឹងជួបឧសបគ្គច្រើន ដើម្បីរក្សាឱ្យបាននូវអាសនៈ ២៣៣នេះ៕