(ប៉េកាំង)៖ យប់ថ្ងៃទី ២៦ ខែតុលា កិច្ចប្រជុំអ្នកជំនាញតាមប្រព័ន្ធវីដេអូនៃវេទិកា Xiangshan ក្រុងប៉េកាំងឆ្នាំ ២០២១ បានបិទបញ្ចប់នៅក្រុងប៉េកាំង។ បញ្ញវន្ត ចំនួនជាង ៥០រូប ដែលមកពីប្រទេសជាង ២០ បានសម្គាល់ឃើញជាទូទៅថា គួរតែប្រកាន់ខ្ជាប់ពហុភាគីនិយម កិច្ចសហប្រតិបតិ្តការ និង ឈ្នះ-ឈ្នះ ដើម្បីរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៅលើពិភពលោក។
វេទិកាលើកនេះ បានប្រារព្ធធ្វើឡើងក្រោមបរិបទ ដែលការប្រឈមផ្នែកសន្តិសុខ លើពិភពលោកទាំងមូលមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ មួយផ្នែកជំងឺកូវីដ ១៩ បានរីករាលដាលជិត ២ឆ្នាំ ហើយដែលបាននាំមកនូវការគំរាមកំហែងយ៉ាងខ្លាំងដល់ សុវត្ថិភាពអាយុជីវិតរបស់មនុស្សជាតិ មួយផ្នែកទៀតអាមេរិកបានប្រកាន់ខ្ជាប់គំនិត សង្គ្រាមត្រជាក់ប្រកាសវិធានការណ៍ពហុភាគីនិយមតាមតែមាត់ តែតាមពិតទៅបានអនុវត្តសកម្មភាព ឯកតោភាគី ហើយបានញុះញង់ឱ្យមានការបដិបក្ខគ្នា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបំផ្លិចបំផ្លាញ ដល់ទំនុកចិត្តរវាងប្រទេសធំៗ បណ្តាលឱ្យប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានការព្រួយបារម្ភ។
ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេស និង អូស្ត្រាលី (AUKUS) និងកិច្ចសហប្រតិបតិ្តការផ្នែកនាវាមុជទឹកនុយគ្លេអ៊ែរ បាននាំមកនូវការ ប្រកួតប្រជែងខាងសព្វាវុធ និងហានិភ័យរីកសាយភាយអាវុធនុយគ្លេអ៊ែរ។ បន្ទាប់ពី អាមេរិក និង អង្គការណាតូ ដកទ័ពយ៉ាងប្រញាប់ប្រញាល់ចេញពីអាហ្វហ្កានីស្ថាន អាហ្វហ្កានីស្ថាន ប្រឈមនឹងការសាកល្បងដូចជា វិបតិ្តមនុស្សធម៌ ការងើបឡើងនៃភេរវនិយម និងការរីករាលដាលនៃជំងឺកូវីដ១៩ ជាដើម ដែលបានបង្កជាហានិភ័យ ថ្មីដល់សន្តិសុខក្នុងតំបន់។
អ្នកជំនាញខ្លះបានលើកឡើងថា ការប៉ះទង្គិចនៅលើពិភពលោកទាំងធំ និងតូច ភាគច្រើនសុទ្ធតែបង្កឡើង ដោយប្រព័ន្ធសម័្ពន្ធមិត្តរបស់អាមេរិក អ្នកផងទាំងពួងគួរតែប្រុងប្រយ័ត្ន ឯកតោភាគីនិយម ដែលបិទស្លាកជា ពហុភាគីនិយម មកបំផ្លាញដល់សន្តិភាពក្នុងតំបន់ ។
ក្រៅពីនេះ ឧបទ្ទវហេតុបុកគ្នារបស់នាវាមុជទឹកនុយគ្លេអ៊ែរ Connecticut នៃ កងទ័ពជើងទឹកអាមេរិក ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់បញ្ញវន្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំលើកនេះផងដែរ។ លោកស្រី Jiang Xinfeng អ្នកសិក្សាស្រាវជ្រាវ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា របស់កងទ័ពរំដោះប្រជាជនចិន បានសម្គាល់ឃើញថា បន្ទាប់ពីកើតមានឧបទ្ទវហេតុបុកគ្នារបស់នាវាមុជទឹកនុយគ្លេអ៊ែរ អាមេរិក មិនបានពន្យល់ឱ្យបានច្បាស់ ហើយប៉ុនប៉ងបិទបាំងការពិត ប្រការនេះបណ្តាលឱ្យ សហគមន៍អន្តរជាតិពោពេញទៅដោយកង្វល់ ចំពោះការពិតនៃឧបទ្ទវហេតុលើកនេះ និងគោលបំណងរបស់ភាគីអាមេរិក ដែលបានបង្ហាញម្តងទៀតថា អាមេរិកទើបជាអ្នកលូកដៃចូល និងអ្នកបំផ្លិចបំផ្លាញធំបំផុតចំពោះសន្តិភាព និងស្ថិរភាព នៅតំបន់សមុទ្រចិនខាងត្បូង។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺខណៈពេលអ្នកជំនាញ នៃពិភពលោកទាំងមូល បាននិងកំពុង ស្វែងរកវិធីដោះស្រាយការប្រឈមខាងសន្តិសុខនៅវេទិកា Xiangshan នៅថ្ងៃទី ២៥ ខែតុលា ក្បួននាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក បានធ្វើការសមយុទ្ធជាមួយនាវាប្រដេញ នៃកងស្វ័យការពារលើសមុទ្ររបស់ជប៉ុន។ មនុស្សជាតិមានជោគវាសនាតែមួយ ទង្វើរបស់អាមេរិកបែបនេះ នឹងធ្វើឱ្យស្ថានការណ៍ តំបន់មានភាពកាន់តែតានតឹងឡើង វាច្បាស់ណាស់ថាទង្វើបែបនេះ ជាទង្វើផ្ទុយនឹងនិន្នាការណ៍ទូទៅ។
បច្ចុប្បន្ននេះ ភាពបម្រែបម្រួលមិនធ្លាប់មាន ក្នុងរយៈពេល ១រយឆ្នាំកន្លងមក ដែលពិភពលោកបាននិងកំពុងឆ្លងកាត់ បានពន្លឿនដំណើរការណ៍មនុស្សជាតិ ប្រឈមនឹងការសាកល្បងខាងសន្តិសុខជាសកលជាច្រើន។ មានតែបង្កើតជាអភិបាលកិច្ចសកល ដែល កាន់តែមានភាពបរិយាប័ន្នយន្តការ ពហុភាគីដែលកាន់តែមានប្រសិទ្ធភាព និងកិច្ចសហប្រតិបតិ្តការក្នុងតំបន់កាន់តែសកម្ម ទើបអាចទប់ទល់ការប្រឈមទាំងនេះ ប្រកបដោយប្រសិទ្ធភាព។ វេទិកា Xiangshan បានបញ្ចេញសំឡេងស្តីពីការប្រកាន់ខ្ជាប់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ នេះគឺជាតម្រូវការរបស់យុគសម័យអាមេរិក គួរតែស្តាប់ដោយយកចិត្តទុកដាក់៕ (#CCFR Comment#)