(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 រៀបចំឡើងក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលីចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលានេះ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក ស៊ី ជិនពីង នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល G-20 ដោយមិនបានបញ្ជាក់អ្វីលម្អិតផ្សេងពីនេះឡើយ។ លោក ស៊ី ជិនពីង មិនបានចាកចេញពីប្រទេសចិនឡើយ ចាប់តាំងដើមឆ្នាំ២០២០មក ជាពេលដែល COVID-19 ឆ្លងរាតត្បាតខ្លាំង។
គួរបញ្ជាក់ថា ក្រៅពីលោក ស៊ី ជិនពីង, ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 ដោយផ្ទាល់នោះទេ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងមានវត្តមានដោយផ្ទាល់។ អ៉ីតាលីដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះសង្ឃឹមថានឹងបានឃើញ មេដឹកនាំទាំងអស់នឹងចូលរួមដោយផ្ទាល់៕