(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសចេញនូវ «ផែនការជាប្រវត្តិសាស្ត្រ» សម្រាប់ការជំរុញឡើងវិញនូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈដែលលោកបានព្យាយាមដាក់សម្ពាធ លើអ្នកជំទាស់នៅក្នុងគណបក្សប្រជាធិបតេយ្យ ឱ្យគាំទ្រផែនការនេះបន្ទាប់ពីការចរចាដ៏រកាំរកូស អស់ជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១។
លោក ចូ បៃដិន កំពុងដាក់បញ្ចូលនូវផែនការជាប្រវត្តិសាស្ត្រ តាមរយៈការរៀបចំអនុម័តកញ្ចប់ថវិកា «១.៧៥ទ្រីលានដុល្លារ» សម្រាប់កម្មវិធី កសាងសុខុមាលភាពសង្គមឡើងវិញឲ្យប្រសើរឡើង (Build Back Better) ដែលជាការរួបរួមជាមួយប្រជាជនអាមេរិក សម្រាប់ការកសាងសង្គមដែលមានសមធម៌ និងបៃតងជាងមុន ស្របតាមរបៀបវារៈកសាងភាពស្តុកស្តម្ភក្នុងប្រទេសរបស់លោក ចូ បៃដិន កន្លងមកនេះ។
លោក ចូ បៃដិន បានថ្លែងបន្ទាប់ពីការជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាយ៉ាងដូច្នេះថា «ខ្ញុំដឹងថាយើងមានក្របខ័ណ្ឌសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ។ វាជាក្របខ័ណ្ឌដែលនឹងបង្កើតការងាររាប់លាន, ជំរុញសេដ្ឋកិច្ច, វិនិយោគក្នុងប្រទេសជាតិ និងប្រជាជនរបស់យើង, ប្រែក្លាយវិបត្តិអាកាសធាតុទៅជាឱកាស ហើយនឹងដាក់យើងលើផ្លូវត្រូវមួយ ដែលមិនត្រឹមតែដើម្បីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីយកឈ្នះលើការប្រកួតប្រជែងសេដ្ឋកិច្ច សម្រាប់សតវត្សរ៍ទី ២១ ទៅលើប្រទេសចិន និងគ្រប់ប្រទេសធំៗផ្សេងទៀតក្នុងពិភពលោក»។
គួរបញ្ជាក់ថា កម្មវិធី «Build Back Better» គឺជាកញ្ចប់កំណត់អាជីពប្រកបដោយសក្តានុពលរបស់លោក ចូ បៃដិន ដើម្បីបង្កើនគុណភាពនៃការអប់រំ, ការថែទាំសុខភាព, ការថែទាំកុមារ និងកំណែទម្រង់ថាមពលស្អាត។ វាត្រូវបានផ្សាភ្ជាប់ទៅនឹងច្បាប់មួយផ្សេងទៀត ដែលកំពុងដំណើរការតាមរយៈសភា ដែលមានកញ្ចប់ទឹកប្រាក់ «១.២ទ្រីលានដុល្លារ» ក្នុងការធ្វើឱ្យប្រសើរឡើងសម្រាប់ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធរឹងផ្សេងៗទៀត។
ជុំវិញដំណើរការខាងលើនេះ, ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាដៃគូដ៏សំខាន់របស់លោក ចូ បៃដិន បានប្រាប់សារព័ត៌មាននានាថា លោកស្រីចង់ឲ្យរៀបចំការបោះឆ្នោត លើកញ្ចប់ថវិកាស្តារហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅពេលដែលមូលនិធិជាច្រើន សម្រាប់ទ្រទ្រង់កម្មវិធីដឹកជញ្ជូនផ្លូវគោក របស់រដ្ឋាភិបាលសហព័ន្ធត្រូវអស់៕