(វ៉ាស៊ីនតោន)៖ មេដឹកនាំ និងក្រុមអ្នកតំណាងមកពីរដ្ឋាភិបាលនៅជុំវិញពិភពលោក នឹងត្រូវចូលរួមក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលគ្រោងនឹង ប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលានេះ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងទីក្រុង Glasgow ប្រទេសស្កុតលែន។ ការរៀបចំសន្និសីទកំពូល COP26 ធ្វើឡើងនៅ ចំពេលពិភពលោកកំពុងប្រឈមមុខនឹងការប្រកាសអាសន្ននៃការប្រែប្រួលអាកាសធាតុ ជាពិសេសគឺការឡើងកម្ដៅផែនដីដែលបង្កឡើងដោយឧស្ម័នផ្ទះកញ្ចក់ ហើយ ភ្នែកទាំងឡាយកំពុងសម្លឹងមើលថាតើមេដឹកនាំពិភពលោកអាចបង្កើតភាពជឿនលឿនក្នុងការដោះស្រាយបញ្ហានៅចំពោះមុខបានដែរ ឬក៏យ៉ាងណា?

*អ្វីទៅជាបញ្ហាប្រឈម?

ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមមន្ត្រីអង្គការសហប្រជាជាតិ (UN) បានព្រមានថាប្រសិនបើបណ្ដារដ្ឋាភិបាលនានាមិនបានចាត់វិធានការសកម្មភាពក្នុងការកាត់បន្ថយ ជាបន្ទាន់នូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទេ នោះពិភពលោកអាចនឹងជួបគ្រោះមហន្តរាយនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្រិតទឹកសមុទ្រ, រលកកម្ដៅ, ទឹកជំនន់ និងវិបត្តិជាច្រើនផ្សេងទៀត។

កាលពីឆ្នាំ៦ឆ្នាំមុន, ស្ទើរតែគ្រប់ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុបានប្ដេជ្ញាចិត្តថាពួកគេនឹងចូលរួមចំណែក កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ តែទោះជាបែបនេះក្ដី, ការឡើងកម្ដៅផែនដីបង្កឡើងដោយឧស័្មនផ្ទះកញ្ចក់ នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័សលើសពីការ រំពឹងទុក។ ក្នុងឆ្នាំ២០២១នេះ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានឈានដល់កម្រិតខ្ពស់បំបែកកំណត់ត្រាថ្មីមួយ បើទោះជាបានថយចុះកាលពីឆ្នាំ២០២០ ដោយសារការ បិទខ្ទប់ប្រទេសប្រឆាំងនឹង COVID-19 ក៏ដោយ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅថែរក្សាសីតុណ្ហភាពឱ្យនៅក្រោម ២អង្សាសេ ពោលគឺត្រឹម ១.៥អង្សាសេ ដែលជាកម្រិតកម្ដៅផែនដីនៅមុនសម័យបដិវត្តន៍ ឧស្សាហកម្ម។ ប៉ុន្តែ កម្ដៅផែនដីបានកើនឡើងដល់ ១.១អង្សាសេរួចទៅហើយ ខណៈរបាយការណ៍វាយតម្លៃមួយរបស់ UN ចេញផ្សាយកាលពីខែសីហាកន្លងទៅនេះ បានព្យាករថាកម្ដៅផែនដីនឹងកើនឡើងលើស ១.៥អង្សាសេ នៅក្នុងរយៈពេល ២ទសវត្សរខាងមុខនេះ។

*អ្វីទៅជាគោលដៅរបស់ COP26?

ការជែកដេញដោលនៅក្នុងសន្និសីទ COP26 នឹងផ្ដោតសំខាន់លើបញ្ហាដូចខាងក្រោមនេះ៖

-ហិរញ្ញវត្ថុ៖ ក្រុមអ្នកជំនាញបាននិយាយថាហិរញ្ញវត្ថុនឹងក្លាយជាបញ្ហាប្រឈមមួយដ៏សំខាន់នៅក្នុងសន្និសីទ COP26។ បណ្ដាប្រទេសកំពុងអភិវឌ្ឍបានទាមទារឱ្យបណ្ដា ប្រទេសអ្នកមាន រួមគ្នាបញ្ចេញកញ្ចប់ថវិកា ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយដល់ពួកគេក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងរៀនសម្របខ្លួនទៅនឹង ផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

- ទីផ្សារកាបោន៖ គោលការណ៍ណែនាំលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានប្រទេសជាសមាជិកទាំងអស់ឯកភាព លើកលែងតែមាត្រា ៦ ចេញតែ ប៉ុណ្ណោះ។ មាត្រានេះបានចែងពីរបៀបអភិវឌ្ឍ និងអនុវត្តទីផ្សារកាបោនអន្តរជាតិ ដែលអនុញ្ញាតសម្រាប់ការជួញដូរឥណទានកាបោន ឬការកាត់បន្ថយឥណទាន នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

*ធ្យូងថ្ម៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានអំពាវនាវឱ្យបណ្ដាប្រទេសអ្នកមានទាំងអស់បញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ដែលជាប្រភពដ៏ធំនៃការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៣០ និងសម្រាប់បណ្ដាប្រទេសដទៃនៅត្រឹមឆ្នាំ២០៤០។ ប៉ុន្តែ កិច្ចពិភាក្សាពី «ធ្យូងថ្ម» នៅតែបន្តមានការខ្វែងគំនិតគ្នា និងមានភាព ចម្រូងចម្រាសយ៉ាងខ្លាំង ដោយកាលពីដើមឆ្នាំ២០២១នេះ ក្រុមប្រទេស G7 មិនបានឯកភាពគ្នាឡើយចំពោះកាលបរិច្ឆេទជាក់លាក់បញ្ឈប់ការប្រើប្រាស់ធ្យូថ្ម។

*ឧស្ម័នមេតាន៖ មេដឹកនាំនៃរដ្ឋាភិបាលមកពីជុំវិញពិភពលោកនឹងធ្វើការសន្យាជាផ្លូវការ ដើម្បីកាត់បន្ថយការបញ្ចេញ «ឧស្ម័នមេតាន» យ៉ាងហោចឱ្យបាន ៣០ភាគរយ នៅឆ្នាំ២០៣០ ហើយនេះក៏ជាវត្ថុបំណងដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបង្ហើបកាលពីខែកញ្ញាកន្លងទៅផងដែរ។

*តើមេដឹកនាំណាខ្លះនឹងចូលរួមក្នុងសន្និសីទ COP26?

មន្ត្រីការទូត, ប្រធានក្រុមហ៊ុន, និងក្រុមសកម្មជនបរិស្ថានប្រមាណ ២០,០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសន្និសីទ COP26 ក្នុងទីក្រុង Glasgow ហើយ មេដឹកនាំពិភពលោកជាច្រើននាក់ ក្នុងនោះរួមទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិនក៏មានគម្រោងចូលរួមផងដែរ។ មេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនទៀតនឹង អវត្តមានក្នុងសន្និសីទនេះ ក្នុងនោះរួមមានប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយមេដឹកនាំទាំង២ នឹងបញ្ជូន អ្នកតំណាងចូលរួមជំនួស។ ចំណែកឯ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងមិនបានបញ្ជាក់ថាតើលោកនឹងចូលរួមដោយផ្ទាល់ក្នុងសន្និសីទ COP26 ដែរឬក៏យ៉ាងណា នោះទេ ខណៈបេសកជនបរិស្ថាន និងក្រុមប្រតិភូចិននឹងបង្ហាញវត្តមាន។

*តើគេអាចរំពឹងលទ្ធផលដែរឬទេ?

ការប្ដេជ្ញាចិត្ត និងការសន្យារបស់បណ្ដារដ្ឋាភិបាលនៅកំឡុងសន្និសីទ COP26 ក្នុងទីក្រុង Glasgow មិនទំនងថានឹងមានមហិច្ឆតាគ្រប់គ្រាន់ ដើម្បីទប់ស្កាត់កុំឱ្យកម្ដៅផែន ឡើងខ្ពស់ជាង ១.៥ អង្សាសេ ឬក៏នៅក្រោម ២ អង្សាសេនោះទេ បើទោះជាប្រទេសមួយចំនួនតូចអាចនឹងធ្វើសេចក្ដីប្រកាសដ៏ភ្ញាក់ផ្អើលណាមួយក៏ដោយ។ តែទោះជា យ៉ាងណាក៏ដោយ COP26 នៅតែមានសារៈសំខាន់បំផុត ដោយវានឹងជួយកំណត់ដំណាក់កាលសម្រាប់កិច្ចចរចាទាំងនៅក្នុងក្របខណ្ឌ និងក្រៅសន្និសីទនៃប្រទេស ជាភាគី ឬហៅថា «COP»។

ការប្រែប្រួលអាកាសធាតុក៏ត្រូវបានគេរំពឹងដែរថា នឹងក្លាយជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូលធំៗនៅពេលអនាគត ដូចជាកិច្ចប្រជុំកំពូល G7 និង G20 ជាដើម រួមទាំងនៅក្នុងក្របខណ្ឌនៃរដ្ឋាភិបាលប្រទេសនីមួយៗ។ ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាមនុស្សជាតិទាំងមូល ដូច្នេះក្រុមអ្នកជំនាញយល់ថាទាល់តែមនុស្សគ្រប់រូប គិតថាពួកគេកំពុងរស់នៅក្រោមដំបូលពិភពលោកតែមួយ ហើយចូលរួមចំណែកទាំងអស់គ្នា ទើបយើងអាចបង្កើនមហិច្ឆតាក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅ ផែនដី និងការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ Council on Foreign Relations (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១)