(ហ្សឺណែវ)៖ គណៈកម្មការអឺរ៉ុបបានសម្រេចផ្អាកការផ្តល់មូលនិធិ សម្រាប់គម្រោងរបស់អង្គការសុខភាពពិភពលោក (WHO) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជុំវិញរឿងអាស្រូវរំលោភបំពានផ្លូវភេទ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។
កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ គណៈកម្មាធិការបានចេញលិខិតមួយ ដើម្បីជូនដំណឹងដល់អង្គការសុខភាពពិភពលោកថា ការផ្តល់មូលនិធិសម្រាប់គម្រោងចំនួន០៥របស់អង្គការសុខភាពពិភពលោក រួមទាំងប្រតិបត្តិការជំងឺ Ebola និង COVID-19 នឹងត្រូវផ្អាកភ្លាមៗ។
គណៈកម្មការអឺរ៉ុបបានបញ្ជាក់ពីការសម្រេចចិត្តនេះនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយ ដែលបានផ្ញើទៅទីភ្នាក់ងារសារព័ត៌មាន Reuters ពីទីក្រុងប្រ៊ុចសែល ដោយបញ្ជាក់ថា ខ្លួនរំពឹងថាដៃគូនឹងមានការការពារដ៏រឹងមាំដើម្បីកុំឲ្យឧប្បត្តិហេតុដែលមិនអាចទទួលយកបានបែបនេះ អាចកើតឡើងម្តងទៀត។
គួរបញ្ជាក់ថា មូលនិធិដែលត្រូវបានផ្អាកនេះ មានចំនួនទឹកប្រាក់សរុបជាង២០.៧លានអឺរ៉ូ (២៤.០២លានដុល្លារអាមេរិក)៕