(តេហេរ៉ង់)៖ សេចក្តីថ្លែងការណ៍រួមមួយត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំលើកទី ២ នៃក្រុមរដ្ឋមន្ត្រីការបរទេស មកពីប្រទេសជិតខាងរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីតេហេរ៉ង់ (Tehran) ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចិន អ៊ីរ៉ង់ ប៉ាគីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន និងរុស្ស៉ី ដែលបានឯកភាពលើមតិរួចចំនួន ១១ចំណុច រួមទាំងការអំពាវនាវឱ្យភាគីពាក់ព័ន្ធ នឹងបញ្ហានៅប្រទេសអាហ្វហ្គានីស្ថាន រក្សាការប្តេជ្ញាចិត្តចំពោះប្រធានបទមួយចំនួនដូចជា «ការប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាការបង្កើតរដ្ឋាភិបាលមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ»។
ក្រុមរដ្ឋមន្ត្រីការបរទេស ក៏បាននិយាយថា សហគមន៍អន្តរជាតិគួរតែបន្តចូលរួមជាវិជ្ជមាន ជាមួយប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាចូលរួមផ្តល់ជំនួយមនុស្សធម៌ផងដែរ។
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍រួមខាងលើ កិច្ចប្រជុំលើកទី ៣ នឹងត្រូវធ្វើឡើងនៅប្រទេសចិន ក្នុងឆ្នាំ២០២២ខាងមុខនេះ ខណៈកិច្ចប្រជុំលើកដំបូង ត្រូវបានធ្វើឡើងរួចមកហើយ កាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅនេះ៕