(ឡុងដ៍)៖ ក្រុមទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រចំនួន៣៨រូប មកពីរដ្ឋាភិបាលផ្សេងៗគ្នាបានជំរុញឱ្យថ្នាក់ដឹកនាំរបស់ពួកគេបញ្ជាក់ឱ្យច្បាស់ៗពីផែនការសកម្មភាព មិនមែនគ្រាន់តែជាពាក្យសន្យាថាតើត្រូវធ្វើដូចម្ដេចដើម្បីរក្សាការឡើងកម្ដៅផែនដីឱ្យនៅត្រឹមកម្រិត ១.៥អង្សាសេនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ, ក្រុមទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រខាងលើមកពីប្រទេសអាហ្សង់ទីន, អូស្ត្រាលី, ចក្រភពអង់គ្លេស, កាណាដា, កូស្ដារីកា, ឥណ្ឌា, ម៉ូរីតានី, ម៉ិកស៉ិក និងម៉ារ៉ុក បានបញ្ជាក់ថាពិភពលោកនៅតែមានឱកាសរក្សាការឡើងកម្ដៅផែនដីឱ្យនៅកម្រិត ១.៥អង្សាសេ នៅដំណាច់ស.វទី២១នេះតាមផែនការដែលគ្រោងទុក។ ប៉ុន្តែដើម្បីសម្រេចគោលដៅនេះបាន មេដឹកនាំពិភពលោកគួរតែមានផែនការសកម្មភាព ជាក់លាក់ ជាជាងគ្រាន់តែបានត្រឹមសន្យា។ ការអំពាវនាវនេះធ្វើឡើង នៅមុននឹងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុប្រចាំឆ្នាំ COP26 គ្រោងនឹងប្រព្រឹត្ត ទៅនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែនពីថ្ងៃទី៣១ ខែតុលានេះ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការប្តេជ្ញាបច្ចុប្បន្នដើម្បីកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស កំពុងតម្រង់ទិសផែនដីឆ្ពោះទៅរក ការកើនឡើងសីតុណ្ហភាពជាមធ្យម ២.៧អង្សាសេ ក្នុងសតវត្សរ៍ទី២១នេះ។
របាយការណ៍ខាងលើ ដែលជារបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ UNEP បានព្រមានថា ការប្តេជ្ញាសព្វថ្ងៃនេះ នឹងកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ដែលព្យាករសម្រាប់ឆ្នាំ២០៣០ បានត្រឹម ៧.៥ភាគរយបន្ថែមទៀតប៉ុណ្ណោះ បើធៀបនឹងការប្តេជ្ញាពីមុន។ ប្រសិនបើទំនោរនេះបន្តពេញ មួយសវត្សរ៍ នោះវានឹងនាំទៅរកការកើនឡើងសីតុណ្ហភាព២.៧អង្សាសេ លើកម្រិតកាលពីសម័យមុនបដិវត្តន៍ឧស្សាហកម្ម៕