(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានទទួលស្គាល់ជាផ្លូវការចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងដោយប្រទេសចិន ដែលក្រុមអ្នកជំនាញយោធាភាគច្រើនយល់ថាត្រូវបានផលិតឡើងដើម្បីទម្លុះប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយសា្ថនីយទូរទស្សន៍ Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះ លោក Mark Milley បានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងបានមើលឃើញ នោះគឺវាជាការធ្វើតេស្ដប្រព័ន្ធអាវុធលឿនជាងសំឡេង ហើយដែលនេះជាក្ដីកង្វល់មួយដ៏ធំ»។ លោក Mark Milley បន្ថែមទៀតថាការធ្វើតេស្ដមីស៊ីលលឿនជាង សំឡេងរបស់ចិន ស្ទើរតែដូចគ្នាទៅនឹងព្រឹត្តិការណ៍ Sputnik ពោលគឺជាពេលរុស្ស៊ីបាញ់បង្ហោះផ្កាយរណបជាលើកដំបូងបំផុតកាលពីឆ្នាំ១៩៥៧ ដោយបានធ្វើ ឱ្យទីក្រុងម៉ូស្គូនាំមុខគេក្នុងការរត់ប្រណាំងសព្វាវុធនាសម័យសង្រ្គាមត្រជាក់នៅពេលនោះ។

គួរបញ្ជាក់ថា សារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍កាលពីខែកញ្ញាកន្លងទៅថាចិនបាន ធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងមួយគ្រាប់ប្រកបដោយជោគជ័យ។ ប៉ុន្តែ ក្រសួងការបរទេសចិនធ្លាប់បានច្រានចោលសេចក្ដីរាយការណ៍បែបនេះដោយ បញ្ជាក់ថាខ្លួនមិនបានធ្វើតេស្ដមីស៊ីលនោះទេ ដោយគ្រាន់តែធ្វើការបាញ់បង្ហោះផ្កាយរណបធម្មតាតែប៉ុណ្ណោះ៕