(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Merck បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានផ្តល់សិទ្ធិជូនអង្គការ Medicines Patent Pool (MPP) ដែលជាអង្គការមិនរកប្រាក់ចំណេញ គាំទ្រដោយអង្គការសហប្រជាជាតិ នូវអាជ្ញាប័ណ្ណឥតគិតថ្លៃចំពោះថ្នាំ molnupiravir ដែលជាថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ក្នុងគោលបំណងចែករំលែកថ្នាំនេះដល់ណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
ក្រុមហ៊ុន Merck និង MPP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «នេះគឺជាអាជ្ញាប័ណ្ណស្ម័គ្រចិត្តដែលជំរុញដោយសុខភាពសាធារណៈ ដែលមានតម្លាភាពដំបូងគេសម្រាប់បច្ចេកវិទ្យាវេជ្ជសាស្ត្រជំងឺកូវីដ១៩។»។
អាជ្ញាប័ណ្ណមានន័យថា ក្រុមហ៊ុនឱសថនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន១០៥ប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យផលិតឱសថពិសោធន៍របស់ក្រុមហ៊ុន Merck ក្រោយទទួលបានការអនុម័តយល់ព្រមពីអង្គការ MPP ដែលនេះវានឹងជួយផ្គត់ផ្គង់ដល់ប្រទសដែលមិនទាន់មានលទ្ធភាពទទួលបានវ៉ាក់សាំងបង្ការជំងឺនេះ។
គួរបញ្ជាក់ថា ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck គឺជាថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ មានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ។ ប៉ុន្តែផ្ទុយថ្នាំដទៃ, molnupiravir បានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការធ្វើតេស្ដ ដំណាក់កាលចុងក្រោយ៕