(ប៉េកាំង)៖ អ្នកនាំពាក្យចិនដីគោកបានថ្លែងនៅថ្ងៃពុធនេះថា «វាគឺជាការពិតដែលមិនអាចកែប្រែ» នោះគឺអនាគតរបស់កោះតៃវ៉ាន់ ត្រូវស្ថិតនៅក្នុងការបង្រួបបង្រួមពេញលេញ នៃប្រទេសចិនឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
លោក ម៉ា ហ្សាវក្វាង (Ma Xiaoguang) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅពេលធ្វើអត្ថាធិប្បាយ ឆ្លើយតបនឹងការអះអាងរបស់អាជ្ញាធរកោះតៃវ៉ាន់ ដែលកំពុងដឹកនាំដោយ គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ថា «ការកែប្រែរដ្ឋធម្មនុញ្ញ ដែលស្របតាមនិន្នាការនៅលើកោះនេះ»។
លោក Ma បានព្រមានថា នៅពីក្រោយអ្វីដែលហៅថា «វិសោធនកម្មរដ្ឋធម្មនុញ្ញ» គឺជាចេតនាអាក្រក់របស់អាជ្ញាធរ DPP ដើម្បីស្វែងរក «ឯករាជ្យភាពឲ្យតៃវ៉ាន់»។ លោកបាន បន្ថែម ទៀតថា អនាគត របស់ កោះ នេះ «មិន មែន ជា កិច្ចការផ្ទៃក្នុង របស់ តៃវ៉ាន់ ទេ» ហើយអនាគតរបស់កោះនេះ គឺមានតែប្រជាជនចិនទាំងអស់ប៉ុណ្ណោះ ដែលត្រូវជាអ្នកសម្រេច ព្រោះវាទាក់ទងនឹងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន៕