(ប៉េកាំង)៖ ក្នុងខណៈពេលរាប់ថយក្រោយ១០០ថ្ងៃ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើដោយជោគជ័យនូវមហោស្រពតន្ត្រីចិននិងអឺរ៉ុបលើកទីមួយ និងជាមហោស្រពតន្ត្រីអបអរការរាប់ថយក្រោយ១០០ថ្ងៃ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។
សិល្បៈករជាងមួយរយរូបមកពីប្រទេសអឺរ៉ុប បានសម្តែងកម្មវិធីតន្ត្រីក្រោមប្រធានបទ «កាន់តែសាមគ្គីគ្នា រួមគ្នាសម្រេចសុបិន» ក្នុងន័យរួមគ្នាជូនពរការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យនិងមានភាពអស្ចារ្យ ។
លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានផ្ញើសារលិខិតសាទរចំពោះការបើកមហោស្រពតន្ត្រី។ ថ្លែងក្នុងសារលិខិត លោកបានលើកឡើងថា «ក្រុងប៉េកាំងនឹងចារឹកក្នុងប្រវតិ្តសាស្ត្រ ហើយនឹងក្លាយជាទៅទីក្រុងដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវក្តៅផង និងរដូវរងាផង រីឯមហោស្រពតន្រ្តីឆ្លងដែនលើកនេះ នឹងក្លាយជានិមិត្តសញ្ញាមួយទៀតក្នុងដំណើរនេះ»។
លោក Shen Haixiong អនុរដ្ឋមន្ត្រី ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា កីឡានិងតន្ត្រីជាភាសារួមរបស់មនុស្សជាតិទាំងមូល។
ក្រោមទង់កីឡាអូឡាំពិក សិល្បករនៃប្រទេសជាច្រើនបានធ្វើការសម្តែងដ៏អស្ចារ្យ ដើម្បីសម្តែងការជូនពរយ៉ាងស្មោះ ចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាការគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងជាការរឹតចំណងមិត្តភាព ពោលគឺ «អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ»៕