(ខាទុំ)៖ នាយករដ្ឋមន្ត្រីស៊ូដង់ លោក អាប់ដាលឡា ហាំដុក (Abdalla Hamdok) និងភរិយារបស់លោកបានត្រឡប់ទៅកាន់គេហដ្ឋានវិញហើយ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានយោធាចាប់ខ្លួន នៅក្នុងការធ្វើរដ្ឋប្រហារមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
លោក Abdalla Hamdok និងភរិយា រួមទាំងរដ្ឋមន្ត្រីជាច្រើននាក់នៃរដ្ឋាភិបាលរបស់លោក ត្រូវបានយោធាចាប់ឃុំខ្លួន នៅក្នុងការធ្វើរដ្ឋប្រហារដែលយោធាអះអាងថា ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងលើការធ្វើរដ្ឋប្រហារ ហើយអំពាវនាវឱ្យយោធាស៊ូដង់ ដោះលែងមន្ត្រីរដ្ឋាភិបាល និងលោក Hamdok ជាបន្ទាន់។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ, មេបញ្ជាការយោធាស៊ូដង់ លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតតាហ៍ អាល់ ប៊ឺហាន (Abdel Fattah Al-Burhan) បានច្រានចោលការអះអាងដែលថា លោក Hamdok ត្រូវបានចាប់ឃុំខ្លួន។ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក ភាពតានតឹងនៅក្នុងប្រទេសស៊ូដង់នៅតែបន្តកើនឡើង ដោយបាតុករប្រឆាំង រដ្ឋប្រហារយ៉ាងហោច ៧នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការបង្រ្កាបពីសំណាក់យោធា៕