(វ៉ាស៉ីនតោន)៖ ក្រុមអ្នកជំនាញកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ដើម្បីជំរុញឲ្យរដ្ឋបាលចំណីអាហារ (FDA) របស់សហរដ្ឋអាមេរិក ធ្វើការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារ ដែលមានអាយុចន្លោះ ៥-១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

ប្រសិនបើរដ្ឋបាល FDA អាមេរិក អនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech សម្រាប់ចាក់ឲ្យក្មេងៗនៅក្រុមអាយុនេះ តាមអនុសាសន៍ខាងលើ ក្រុមប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺ (CDC) អាមេរិក ក៏នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយផងដែរ ដើម្បីសម្រេចលើការផ្តល់អនុសាសន៍ ពាក់ព័ន្ធរឿងដូចគ្នា។ ប្រធាន CDC អាមេរិក នឹងជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានកុមារច្រើនជាង៥០០នាក់ បានស្លាប់ដោយសារ COVID-19។ មកទល់ឥឡូវ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ រួមមានចិន គុយបា និងអេមីរ៉ាត់អារ៉ាប់រួមជាដើម ដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដើម្បីចាក់ឲ្យកុមារ នៅក្រុមអាយុនេះ និងតិចជាងនេះ។ ក្រុមហ៊ុន Pfizer-BioNTech ទើបតែប្រកាសថា វ៉ាក់សាំង COVID-19 របស់ពួកគេ មានប្រសិទ្ធភាព៩០.៧ភាគរយ នៅក្នុងការធ្វើតេស្តលើក្មេងៗអាយុចន្លោះ៥-១១ឆ្នាំ៕