(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសថា ប្រជាជនអូស្ត្រាលីភាគច្រើន នឹងអាចចាកចេញពីប្រទេសដោយសេរី ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញរួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
រដ្ឋាភិបាលអូស្រ្តាលី កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បានផ្លាស់ប្តូរច្បាប់មួយ ដែលបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីរឹតត្បឹតការធ្វើដំណើរអន្តរជាតិ ក្នុងអំឡុងពេលមានជំងឺ COVID-19។ សម្រាប់ការកែប្រែនេះមានន័យថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ ជនជាតិអូស្ត្រាលីដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ នឹងអាចចាកចេញពីប្រទេសដោយសេរីជាលើកដំបូង គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។
ជុំវិញដំណើរការថ្មីខាងលើ, រដ្ឋមន្ត្រីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) បានថ្លែងនៅថ្ងៃពុធនេះ ពីរដ្ឋធានីកង់បេរ៉ា (Canberra) ថា «វាជាដំណាក់កាលដំបូង ក្នុងការបើកឡើងវិញរបស់ប្រទេសអូស្ត្រាលី ទៅកាន់ពិភពលោក។ ពលរដ្ឋអូស្ត្រាលី និងអ្នករស់នៅអចិន្ត្រៃយ៍ ដែលចង់ធ្វើដំណើរទៅក្រៅប្រទេស នឹងត្រូវផ្តល់ភស្តុតាងថា ពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ ជាមួយនឹងរដ្ឋបាលឱសថ និងចំណីអាហារ (TGA) ដែលជាប្រភេទវ៉ាក់សាំងត្រូវបានទទួលស្គាល់ជាផ្លូវការ ហើយការចាក់ដូសទី ២ ត្រូវកើតឡើងយ៉ាងហោចណាស់រយៈពេល ៧ថ្ងៃ មុនពេលធ្វើដំណើរផងដែរ»។
គួរបញ្ជាក់ថា សម្រាប់អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង គឺនឹងនៅតែត្រូវដាក់ពាក្យសុំជាមួយនាយកដ្ឋានកិច្ចការផ្ទៃក្នុង ដើម្បីចាកចេញពីប្រទេស ហើយនឹងត្រូវប្រឈមមុខ «វិធានការចត្តាឡីស័កយ៉ាងតឹងរ៉ឹង» នៅពេលពួកគេត្រលប់មកវិញ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលី គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ប្រជាជនអូស្ត្រាលីជាង ៧៤ភាគរយដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕