(ឡាអេ, ហូឡង់)៖ ទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាមនុស្ស ១៥០នាក់ ក្នុងនោះរួមមានបុគ្គលល្បីឈ្មោះមួយចំនួនត្រូវបានចាប់ខ្លួនដោយ ជាប់សង្ស័យមានជាប់ពាក់ព័ន្ធនឹងការទិញ និងលក់ផលិតផលខុសច្បាប់នៅលើអ៉ិនធើណិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
មនុស្សទាំង១៥០នាក់ខាងលើត្រូវបានចាប់ខ្លួន នៅក្រោមប្រតិបត្តិការឈ្មោះ «Dark HunTOR» ដែលមានគោលដៅបង្រ្កាបទីផ្សារងងឹតលើវែបសាយទុច្ចរិតនានា នៅជុំវិញ ពិភពលោក។ នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានរឹបអូសប្រាក់សុទ្ធចំនួន ៣១លានដុល្លារ រួមទាំងថ្នាំញៀន ២៣៤គីឡូក្រាម និងកាំភ្លើង៤៥ដើមផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការ Dark HunTOR ត្រូវបានធ្វើឡើងនៅក្នុងប្រទេសដូចជា អូស្ត្រាលី, ប៊ុលហ្ការី, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ហូឡង់, ស្វីស, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បើតាម Europol នៅក្នុងចំណោមជនសង្ស័យទាំង១៥០ មាន ៦៥នាក់ត្រូវបានឃាត់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ខណៈ៤៧នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ និង២៤នាក់ នៅចក្រភពអង់គ្លេស រួមទាំងនៅតាមប្រទេសដទៃទៀត៕