(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងរៀបចំដើម្បីធ្វើដំណើរ ទៅកាន់កិច្ចប្រជុំកំពូល G20 នៅអឺរ៉ុបក្នុងសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងបង្ហាញសញ្ញានៃការរួបរួមគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក ជាមួយនឹងសម្ព័ន្ធមិត្ត បន្ទាប់ពីរយៈពេលបួនឆ្នាំនៃគោលនយោបាយ «America First» របស់លោក ដូណាល់ ត្រាំ បានធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ «ទំនុកចិត្ត» ជាប្រវត្តិសាស្ត្រ ពីសំណាក់សម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សាល់លីវែន (Jake Sullivan) បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោនថា លោក ចូ បៃដិន នឹងស្វែងរកភាពរីកចម្រើន លើពន្ធអប្បបរមាជាសាកល ក្នុងអំឡុងពេលធ្វើដំណើររបស់លោក ហើយលោកក៏នឹងពិភាក្សាអំពីតម្លៃថាមពល, កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។
គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ ប្រធានាធិបតីអាមេរិករូបនេះ នឹងជួបសម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) នាបុរីវ៉ាទីកង់ នៅថ្ងៃសុក្រ មុននឹងចាប់ផ្តើមកិច្ចប្រជុំ ជាមួយមេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចរីកលូតលាស់ «G20» នៅទីក្រុងរ៉ូម។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅអ៊ីតាលី លោក ចូ បៃដិន នឹងបន្តដំណើរទៅទីក្រុង ក្លាសកូវ (Glasgow) នៃប្រទេសស្កុតលែន ដើម្បីចូលរួមសន្និបាតអាកាសធាតុ «COP26» នៃអង្គការសហប្រជាជាតិ។
លោក Jake Sullivan បានគូសបញ្ជាក់ជុំវិញកិច្ចប្រជុំខាងលើនេះថា សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងបង្ហាញការរួបរួមគ្នា នៅចំពោះមុខកិច្ចប្រជុំសំខាន់ៗទាំងពីរ ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចមិនអញ្ជើញចូលរួមដោយផ្ទាល់នោះឡើយ៕