(តូក្យូ)៖ ជំងឺកូវីដ-១៩ បានលេបត្របាក់ទឹកប្រាក់ប្រហែល ១,៧ទ្រីលានដុល្លារពីផលិតផលក្នុងស្រុកសរុប (ផ.ស.ស) រួមគ្នារបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ីនៅឆ្នាំ២០២០។ នេះបើយោងតាមកាសែត Nikkei Asia។
កាសែត Nikkei Asia បានចេញផ្សាយថា មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានប៉ាន់ប្រមាណក្នុងរបាយការណ៍មួយរបស់ខ្លួនពីការខាងបង់សេដ្ឋកិច្ចពីប្រទេសនិងតំបន់ធំៗចំនួន ១៥ នៅទ្វីបអាស៊ី តាមរយៈការប្រៀបធៀប ផ.ស.ស ដែលបានព្យាករមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ និងការព្យាករក្រោយពេលមានការរាតត្បាតរបស់ជំងឺនេះ។
ផ្អែកលើការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០១៩ មជ្ឈមណ្ឌល JCER បានគណនា ផ.ស.ស ដែលមិនដកចេញអតិផរណា (nominal GDP) ដែលប្រទេសនិងតំបន់ទាំង ១៥ នឹងសម្រេចបាន ប្រសិនបើមិនមានជំងឺកូវីដ-១៩។ តួលេខនេះនឹងអាចកើនឡើង ៦,២ភាគរយដល់ ២៩,៨៤ទ្រីលានដុល្លារនៅឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែជាក់ស្តែងកំណើននេះមានកម្រិតទាបជាងចំនួនដែលបានព្យាករនេះ ១,៦៨ទ្រីលានដុល្លារ។
ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេ បានខាតបង់ ៦៣៨ប៊ីលានដុល្លារក្នុងចំណោមប្រទេសនិងតំបន់ទាំង ១៥នេះ ខណៈដែលទទួលរងគ្រោះធ្ងន់ពីជំងឺកូវីដ-១៩ ដោយសារទំហំសេដ្ឋកិច្ចរបស់ប្រទេសនេះធំដែរ និងដោយសារតួនាទីរបស់ប្រទេសនេះក្នុងការចង្វាក់ផ្គត់ផ្គងល់ពិភពលោក សេដ្ឋកិច្ចប្រទេសចិនបានកើនឡើងតែ ២,៣ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២០។
ប្រទេសឥណ្ឌាក៏ទទួលរងគ្រោះធ្ងន់ផងដែរពីការជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៨ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំមុន។ ប្រទេសនេះបានចេញផ្សាយការខាតបង់សេដ្ឋកិច្ច ៤៨០ទ្រីលានដុល្លារ ដែលជាការធ្លាក់ចុះខ្លាំងជាងគេទីពីរ បន្ទាប់ពីចិន។
ជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន បានកត់ត្រាការខាតបង់សេ្ឋកិច្ចធំបំផុតទីបី គឺ ១៦២ទ្រីលានដុល្លារ ដោយសារវិស័យសេវាកម្មមានចំណែកភាគរយខ្ពស់នៃ ផ.ស.ស របស់ខ្លួន។
មជ្ឈមណ្ឌល JCER បានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុនចំនួន ១៦.០០០ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅតំបន់អាស៊ីនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០១៩ មុនពេលមានកូវីដ ដល់ត្រីមាសទី៣ ឆ្នាំ២០២១ ក្រោយពេលមានកូវីដ ក៏បានរងគ្រោះខ្លាំងផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានក្រុមហ៊ុន Vietnam Airlines ក្រុមហ៊ុន Thai Airways International ផងដែរ។ នេះបើយោងតាមកាសែត Nikkei Asia៕