(រ៉ូម)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមិនចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងរ៉ូម នៃក្រុមប្រទេសសេដ្ឋកិច្ចឈានមុខគេ (G20) ដោយផ្ទាល់នោះទេ នេះបើតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះបានគូសបញ្ជាក់ប្រាប់នៅថ្ងៃអង្គារ ទី២៦ ខែតុលានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។
ប្រភពបាននិយាយថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះរដ្ឋមន្ត្រីការបរទេសចិននឹងតំណាងឱ្យប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូល ខណៈដែលលោក Xi Jinping ទំនងនឹងមិនចូលរួមដោយផ្ទាល់នោះទេ។
វិមានក្រឹមឡាំងកាលពីសប្តាហ៍មុនក៏បាននិយាយដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងរ៉ូមនោះទេ ហើយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador ក៏បាននិយាយផងដែរថាពួកគេនឹងមិនមកចូលរួមផ្ទាល់ដូចគ្នាដែរ។
ទោះជាយ៉ាងណា ប្រភពដដែលនេះបាននិយាយថា ការអវត្តមាននេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃការធ្វើឱ្យមានវឌ្ឍនភាពល្អនៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងផ្តោតជាសំខាន់លើបញ្ហាបំរែបំរួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ១៩នោះទេ៕