(បានដាស៊េរី បេហ្កាវ៉ាន់, ព្រុយណេ)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ានបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួនហើយនៅថ្ងៃអង្គារ ទី២៦ ខែតុលានេះ ខណៈ កំពុងប្រឈមមុខនឹងទាំងបញ្ហាផ្ទៃក្នុង និងខាងក្រៅ នោះគឺការប្រជែងដណ្ដើមឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន។ កិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងតាមប្រព័ន្ធ វីដេអូដែលព្រុយណេជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្ដូរវេននឹងប្រព្រឹត្តរយៈពេល ៣ថ្ងៃ អមជាមួយកិច្ចប្រជុំដ៏សំខាន់គឺកិច្ចប្រជុំកំពូលតំបន់អាស៊ីខាងកើត (East Asia Summit) ដែលមាន ១៨ប្រទេសចូលរួម ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក, រុស្ស៊ី និងចិន។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងដឹកនាំក្រុមប្រតិភូរបស់លោកចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ ជាមួយអាស៊ានផងដែរជាលើកដំបូងបំផុត ក្នុងរយៈពេល ៤ឆ្នាំមកនេះដែលទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកមួយនេះ។ សហរដ្ឋអាមេរិកមិនធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកម្រិតប្រធានាធិបតីនោះទេ ចាប់តាំងពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មានវត្តមានចុងក្រោយបំផុតនៅឯកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៧ មក។
ក្រុមអ្នកវិភាគយល់ថាជំនួបរវាងលោក បៃដិន និងមេដឹកនាំអាស៊ានទាំង១០ គឺឆ្លុះបញ្ចំងពីកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលរបស់លោកក្នុងការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត និងប្រទេសដៃគូ ក្នុងតំបន់អាស៊ី ដើម្បីខ្ទប់ការកើនឡើងឥទ្ធិពលចិន។ នៅក្នុងជំនួបកំពូលជាមួយអាស៊ាន លោក បៃដិន ត្រូវបានគេរំពឹងថានឹងផ្ដោតសំខាន់លើ កិច្ចសហប្រតិបត្តិការចែកចាយវ៉ាក់សាំងបង្ការ COVID-19, ការប្រែប្រួលអាកាសធាតុ, ខ្សែចង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើការធានាមួយចំពោះអាស៊ានថាកិច្ចសន្ទនាសន្តិសុខចតុភាគីជាមួយឥណ្ឌា, ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាក្វាដ (Quad) រួមទាំងសម្ព័ន្ធភាពត្រីភាព AUKUS ដែលនឹង ជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងមិនបំផ្លាញតួនាទីរបស់អាស៊ាននៅក្នុងតំបន់ឡើយ។
មិនថាកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) ឬក៏កិច្ចព្រមព្រៀង AUKUS សុទ្ធតែជាបញ្ហាប្រឈមសម្រាប់អាស៊ាន ពីព្រោះថាការបង្កើតសម្ព័ន្ធភាពទាំងនេះឡើងដោយអាមេរិក មានគោលដៅចម្បងប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ តែទន្ទឹមគ្នា វាក៏បានបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង ១០ ដោយមានខ្លះបង្ហាញជំហរជំទាស់ និងខ្លះទៀតគាំទ្រដោយជំហរ ឬដោយប្រយោល។ អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងអាមេរិក និងចិន មានភាពពុះកញ្ជ្រោល ហើយដែលការពុះកញ្ជ្រោលនេះបានធ្វើឱ្យអាស៊ានបារម្ភថាពួកគេអាចនឹងត្រូវប្រឈមមុខនឹងការបង្ខំចិត្តត្រូវជ្រើសរើសថាពួកគេត្រូវឈរនៅខាង អាមេរិក ឬចិន នៅពេលអនាគត។
នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិក បាន និងកំពុងផ្ដោតជាសំខាន់លើតំបន់អាស៊ី ដោយក្នុងនោះអាស៊ីអាគ្នេយ៍បានជាក្លាយជាកម្មវត្ថុនៃការប្រកួតប្រជែង យុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយជាមួយចិន។ នៅក្នុងប្រវតិ្តសាស្ត្ររបស់ខ្លួន, តំបន់អាស៊ីអាគ្នេយ៍បានទទួលរងការលូកលាន់ពីមហាអំណាចខាងក្រៅ ដោយមហាអំណាច អឺរ៉ុបបានធ្វើអាណានិគមលើតំបន់មួយនេះអស់រាប់រយឆ្នាំ ហើយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតក៏ធ្លាប់បានប្រែក្លាយតំបន់នេះជាសមរភូមិសង្រ្គាមនៅក្នុងសម័យ សង្រ្គាមត្រជាក់ផងដែរ។ ទោះបីជាមកដល់បច្ចុប្បន្ន, ក៏អាស៊ីអាគ្នេយ៍នៅតែកា្លយជាទីលានដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាចដដែល ដោយក្នុងនោះអាមេរិកបានចាត់ទុក ថាអាស៊ីអាគ្នេយ៍គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ក្រោយត្រូវបានបង្កើតឡើង, អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចៀសការលូកលាន់ពីមហាអំណាចខាងក្រៅ។ តួយ៉ាងស្ថិតនៅចំកណ្ដាលនៃភាពតានតឹងរវាង អាមេរិក និងប្លុកកុម្មុយនិស្ដ, អាស៊ានបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រ «តំបន់សន្តិភាព, សេរីភាព និងអព្យាក្រឹត» ឬហៅកាត់ថា (ZOPFAN) ដែលត្រូវបាន ចុះហត្ថលេខាក្នុងឆ្នាំ១៩៧១ និងបានក្លាយជាគោលការណ៍នាំមួយសម្រាប់ឱ្យបណ្ដាប្រទេសជាសមាជិកយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេជាមួយ មហាអំណាចខាងក្រៅ។ ពិតមែនទៅ, AUKUS ជាពិសេសគឺ Quad ក៏ផ្ដល់ផលចំណេញខ្លះដែរ ដ្បិត Quad ផ្ដល់ប្រយោជន៍ខាងកិច្ចសហប្រតិបត្តិការចែកចាយវ៉ាក់សាំងបង្ការ COVID-19, ការប្រែប្រួលអាកាសធាតុ, ខ្សែចង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។
តែទោះជាយ៉ាងណាក៏ដោយ, ប្រឈមមុខនឹង Quad ឬក៏កិច្ចព្រមព្រៀង AUKUS ស្ថានការណ៍យុទ្ធសាស្ត្រនៅក្នុងតំបន់អាចនឹងកាន់តែមានភាពស្មុគស្មាញ ហើយក៏អាចនឹងធ្វើ ឱ្យប៉ះពាល់ដល់គោលជំហរអព្យាក្រឹតរបស់អាស៊ានដូចជា ZOPFAN។ បើតាមក្រុមអ្នកជំនាញ ការបង្កើត Quad និង AUKUS វាអាចនឹងធ្វើឱ្យ «នយោបាយអព្យាក្រឹត» របស់ អាស៊ានរង្គោះរង្គើរ។ ជាឧទាហរណ៍ដូចជា Quad ជាដើមត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាតួអង្គដ៏សំខាន់ជំនួសតំណែងអាស៊ានទាំងខាងការទូត និងសន្តិសុខនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ រួមទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ វេទិការថ្នាក់តំបន់អាស៊ាន (ARF) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ គឺជាគំនិតផ្ដួតផ្ដើមមួយរបស់ អាស៊ានដើម្បីលើកកម្ពស់គោលការណ៍អព្យាក្រឹតនៅក្នុងវិស័យសន្តិសុខតាមរយៈការរៀបចំកិច្ចសន្ទនាស្ដីពីបញ្ហានយោបាយ-សន្តិសុខ ដែលមានប្រទេសចំនួន ២៦ ចូលរួម ក្នុងនោះរួមមទាំងសហរដ្ឋអាមេរិក និងចិនផងដែរ។
ដូច្នេះហើយ កិច្ចសន្ទនាសន្តិសុខរបស់ Quad និងការកំណត់ចំនួនសមាជិកត្រឹម ៤ ដូចជាអាមេរិក, អូស្ត្រាលី, ជប៉ុន និងឥណ្ឌា វានឹងធ្វើឱ្យវេទិការ ARF របស់អាស៊ានលែងសូវ មានសារៈសំខាន់។ ពោលគឺការព្យាយាមរបស់អាស៊ាន ក្នុងការរៀបចំឱ្យបណ្ដាប្រទេសជាសមាជិក ARF អង្គុយនៅឯតុចរចាតែមួយ និងពិភាក្សាគ្នាដោះស្រាយបញ្ហាសន្តិសុខ នៅក្នុងតំបន់ នឹងមិនមែនជារឿងងាយស្រួលទៀតឡើយ នៅពេលដែលរបៀបវារៈសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Quad ដែលមាន សមាជិកសុទ្ធតែជាមហាអំណាចនៅក្រៅតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ទោះជាបណ្ដាប្រទេសជាសមាជិក Quad ធ្លាប់បានធានាថានឹងគោរពសាមគ្គីភាព និងគោលការណ៍អព្យាក្រឹតរបស់អាស៊ានក៏ពិតមែន តែផ្អែកលើទស្សនវិស័យ អាស៊ានលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកចេញផ្សាយកាលពីឆ្នាំ២០១៩ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថាដោយសារតែការកើនឡើងភាពតានតឹងរវាងអាមេរិក និងចិន វាអាចនឹងធ្វើ ឱ្យ Quad មានជំហរប្រឆាំងចិនរឹតតែខ្លាំង ហើយអាចនឹងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាទីកន្លែងមួយដ៏មានគ្រោះថ្នាក់នៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នាជាថ្មីម្ដងទៀត រវាងពួកមហាអំណាច។ អាស៊ានអាចនឹងរក្សាគោលការណ៍អព្យាក្រឹតភាពបាន លុះត្រាតែបណ្ដាប្រទេសជាសមាជិកអាស៊ានមានសាមគ្គីភាពនឹងគ្នាជាមុនសិន៕
ប្រភព៖ Diplomat, Nikkei (ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១)