(ប៉េកាំង)៖ ប្រទេសចិនបានដាក់ទីក្រុងមួយដែលមានប្រជាជនចំនួន៤ លាននាក់នៅក្រោមវិធានការ Lockdown នៅថ្ងៃអង្គារ ទី២៦ ខែតុលានេះ ដោយបញ្ជាឱ្យពួកគេមិនឱ្យចាកចេញពីផ្ទះលើកលែងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ក្នុងគោលបំណងកាត់ផ្តាច់ចង្កោមចម្លងកូវីដ១៩ នៅក្នុងសហគមន៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។
ការរឹតត្បិតថ្មីនៅថ្ងៃអង្គារនេះ បានកើតឡើងនៅពេលដែលប្រទេសចិនបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកថ្មីចំនួន២៩ករណីបន្ថែមទៀត ក្នុងនោះមាន០៦ករណីនៅក្នុងទីក្រុង Lanzhou ដែលជារដ្ឋធានីខេត្តនៃខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន។
ការផ្ទុះចុងក្រោយនេះត្រូវបានផ្សារភ្ជាប់ទៅនឹងវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានចំនួនករណីឆ្លងសរុបបានកើនឡើងដល់១៩៨ករណី ចាប់តាំងពីថ្ងៃទី១៧ ខែតុលា ក្នុងនោះមាន៣៩ករណីនៅក្នុងទីក្រុង Lanzhou។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករស់នៅក្នុងទីក្រុងនឹងតម្រូវឱ្យស្នាក់នៅក្នុងផ្ទះ ដោយបន្ថែមថា «ការចូល និងចេញរបស់អ្នកស្រុក» នឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយអនុញ្ញាតតែចំពោះការដឹកជញ្ជូនរបស់ចាំបាច់ប៉ុណ្ណោះ៕