(ញូដេលី)៖ ដោយជាប់គាំងនៅក្នុងភូមិមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌា អស់រយៈពេល ៩ខែ ហើយមិនអាចត្រឡប់ទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត វិញនោះ លោក ស៊ូហ្គាថាន់ (Sugathan) កំពុងផ្តោតក្តីសង្ឃឹមថា អង្គការសុខភាពពិភពលោក (WHO) នឹងអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះថា ខូវ៉ាស៉ីន (COVAXIN) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនឥណ្ឌា បារ៉ាត់ បាយអូធិច (Bharat Biotech) ដែលលោកបានចាក់ពេញលេញរួចមកហើយ។
លោក Sugathan រស់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ២២ ខែតុលា យ៉ាងដូច្នេះថា «ខ្ញុំមិនអាចបន្តនៅទំនេរទីនេះបានទៀតទេ»។ លោក Sugathan បានត្រឡប់មកឥណ្ឌាវិញកាលពីខែមករា ដើម្បីជួបជុំជាមួយគ្រួសារ ក្រោយពីលោកខកខានមិនបានចូលរួមបុណ្យសពឪពុក ដោយសារតែការរាតត្បាតជំងឺ COVID-19 បានបង្អាក់ជើងហោះហើរ។
មិនខុសពីលោក Sugathan នោះឡើយ, ប្រជាជនឥណ្ឌារាប់លាននាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំង COVAXIN រួចរាល់ហើយ ហើយពួកគេមួយចំនួនបានត្អូញត្អែរ អំពីការលំបាកក្នុងការធ្វើដំណើរទៅបរទេស ដោយសារតែវ៉ាក់សាំងនេះ «មិនទាន់ត្រូវបានទទួលស្គាល់» សម្រាប់ការធ្វើដំណើរជាលក្ខណៈអន្តរជាតិ ដោយប្រទេសមួយចំនួននោះឡើយ។
អង្គការសុខភាពពិភពលោក ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តជាចុងក្រោយមួយ លើការចុះបញ្ជីអនុម័តទទួលស្គាល់វ៉ាក់សាំង COVAXIN ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដូចវ៉ាក់សាំងទូទៅដែរនៅថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីបានត្រួតពិនិត្យលើទិន្នន័យ ដែលផ្តល់ដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ចាប់តាំងពីដើមខែកក្កដាមកម៉្លេះ។
បើគ្មានការអនុម័តឱ្យប្រើប្រាស់ពី WHO ទេនោះ, វ៉ាក់សាំង COVAXIN ទំនងជាមិនត្រូវបានទទួលស្គាល់ជាវ៉ាក់សាំង ដែលមានសុពលភាពនៅទូទាំងពិភពលោកនោះទេ ហើយវានឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់ផែនការធ្វើដំណើរសម្រាប់ប្រជាជនឥណ្ឌា ដែលបានទទួលការចាក់វ៉ាក់សាំងនេះរួចរាល់។
គួរបញ្ជាក់ថា កន្លងមកនេះ វ៉ាក់សាំងចម្បងៗដែល WHO បានទទួលស្គាល់មានដូចជា Pfizer-BioNTech, Moderna, AstraZeneca, Johnson & Johnson, Covishield (AstraZeneca), Sinovac និង Sinopharm ជាដើម។ សម្រាប់សហរដ្ឋអាមេរិក ដែលបានរួសរាន់ក្នុងការបើកទ្វារទទួលអ្នកដំណើរអន្តរជាតិនោះ បានសម្រេចរួចមកហើយថា អ្នកដែលបានចាក់សាំងបង្ការជំងឺ COVID-19 ទទួលស្គាល់ដោយ WHO ពេញលេញ នឹងអាចចូលមកកាន់សហរដ្ឋអាមេរិកតាមផ្លូវអាកាស ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយគ្មានការរឹតត្បិតទៀតនោះឡើយ៕
ប្រភព៖ Reuters (ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១)