(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក រ៉ូ ថេវូ (Roh Tae-woo) បានលាចាកលោកនេះហើយក្នុងអាយុ ៨៨ឆ្នាំ នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ នៃរដ្ឋធានីសេអ៊ូល ក្នុងថ្ងៃអង្គារនេះតែម្តង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល Yonhap ដកស្រង់ និងចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មានកូរ៉េខាងត្បូងបានខាងលើនេះបានបញ្ជាក់ថា លោក Roh Tae-woo បានជួបប្រទះបញ្ហាសុខភាពជាបន្តបន្ទាប់ តាំងតែពីឆ្នាំ ២០០២ មកម្ល៉េះ ហើយលោកក៏ធ្លាប់បានទទួលការវះកាត់ព្យាបាលជំងឺមហារីក និងចូលសម្រាកមន្ទីរពេទ្យជាញឹកញាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

គួរបញ្ជាក់ថា លោក Roh បានចាប់កំណើតនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៣២ នៅក្នុងគ្រួសារកសិករដ៏ក្រីក្រមួយក្នុងស្រុក ថាលសុង (Talsong) ជាប់ភាគអាគ្នេយ៍នៃទីក្រុង ថេហ្គូ (Taegu)។ លោកបានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាកលវិទ្យាល័យទីក្រុងសេអ៊ូល និងបន្តការសិក្សានៅរដ្ឋ ណតស៍ ខារ៉ូលីណា នៃសហរដ្ឋអាមេរិក។

លោក Roh Tae-woo បានចូលប្រលូកក្នុងឆាកនយោបាយជាលើកដំបូង នៅកំលុងពេលដែលឧបទ្វីបកូរ៉េ ជួបប្រទះសង្គ្រាមបង្ហូរឈាមជាប្រវត្តិសាស្ត្រ ដែលគ្រប់គ្នាស្គាល់ថា «សង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣»។ របត់នៃជីវិតនយោបាយរបស់លោក បានផ្លាស់ប្តូរជាបន្តបន្ទាប់ និងឆ្លងកាត់អន្តរកាល នៃរបបដឹកនាំផ្តាច់ការនៅកូរ៉េខាងត្បូង។ លោក Roh Tae-woo បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈ ឆ្នាំ១៩៨៨ ដល់់ខែកុម្ភៈ ឆ្នាំ១៩៩៣៕