(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ លោក ស៉ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយ នៅទីក្រុងវៀងច័ន្ទ (Vientiane) ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៧៦៦ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ខណៈ ០៤ករណីទៀត គឺជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ០៣នាក់ក៏ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
លោក Sisavath Soutthaniraxay បានបញ្ជាក់បន្ថែមថា ជុំវិញការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងថ្មីៗខាងលើ វាចាំបាច់ណាស់ដែលមនុស្សគ្រប់រូប និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា ប្រទេសឡាវ បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០២ករណីលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣៧,០៨១ករណី ក្នុងនោះមានអ្នកស្លាប់ ៥៦នាក់៕