(កង់បេរ៉ា)៖ ស្របពេលដែលសន្និសីទអន្តរជាតិ ស្តីពីបញ្ហានៃការប្រែប្រួលអាកាសធាតុ នឹងត្រូវចាប់ផ្តើមប្រព្រឹត្តទៅក្នុងពេលប៉ុន្មានថ្ងៃទៀត ប្រទេសអូស្រ្តាលីបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវ គោលដៅ «អព្យាក្រឹត្យកាបូន» នៅត្រឹមឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសអំពីផែនការ ដើម្បីឆ្ពោះទៅសម្រេចគោលដៅដូចខាងលើ នៅថ្ងៃអង្គារនេះ។ លោក ម៉ូរីសុន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវអូស្រ្តាលីបានកំណត់គោលដៅ សម្រេចឲ្យបាន អព្យាក្រឹត្យកាបូន នៅត្រឹមឆ្នាំ២០៥០ ហើយយើងបានរៀបចំផែនការយ៉ាងច្បាស់លាស់ ដែលកំណត់នូវ ការទទួលខុសត្រូវ និងសកម្មភាពជាក់ស្តែង»។
នៅក្រោមផែនការខាងលើ គិតត្រឹមឆ្នាំ២០៣០ ថវិកាសរុបប្រហែល១៥ពាន់លានដុល្លារអាមេរិក នឹងត្រូវវិនិយោគ ទៅក្នុងបច្ចេកវិទ្យា ដែលបញ្ចេញកាបូនកម្រិតទាប។ យោងតាមលោក ម៉ូរីសុន ផែនការនេះ ផ្អែកលើគោលនយោបាយដែលមានស្រាប់ ហើយនឹងត្រូវដឹកនាំដោយ គោលការណ៍៥ចំណុច រួមមានការផ្តោតលើបច្ចេកវិទ្យាមិនមែនពន្ធ, ពង្រីកជម្រើសមិនមែនកាតព្វកិច្ច, កាត់បន្ថយតម្លៃនៃបច្ចេកវិទ្យាថ្មីៗជាច្រើន, រក្សាតម្លៃថាមពលឲ្យនៅកម្រិតទាប ជាមួយការផ្តល់ថាមពលដែលអាចទទួលយកបាន ព្រមទាំងទុកចិត្តបាន និងចុងក្រោយគឺ មានការទទួលខុសត្រូវចំពោះវឌ្ឍនភាព។
គួរបញ្ជាក់ថា បើតាមការព្យាកររបស់រដ្ឋាភិបាល ប្រទេសអូស្រាលីនឹងកាត់បន្ថយការបញ្ចេញកាបូន បានរហូតដល់៣៥ភាគរយ នៅត្រឹមឆ្នាំ២០៣០ បើធៀបនឹងកម្រិតកាលពីឆ្នាំ២០០៥៕