(បានដាស៊េរី បេហ្កាវ៉ាន់, ព្រុយណេ)៖ មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅថ្ងៃអង្គារនេះ ដោយមិនមានវត្តមាន មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូផងដែរ, ប៉ុន្តែមិនដូចសព្វដង, អាស៊ានត្រូវបើកកិច្ចប្រជុំ ដោយមិនមានអ្នកតំណាងណាម្នាក់មកពីមីយ៉ាន់ម៉ានោះឡើយ។ ព្រុយណេដែលជាអ្នកទទួលរៀបចំកិច្ចប្រជុំកំពូល បាននិយាយថាអាស៊ាននឹងអញ្ជើញអ្នកតំណាង មិនមែនជាអ្នកនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបានលម្អិតថាតើនរណាគួរតែចូលរួមនោះទេ។

គួរបញ្ជាក់ថា ក្រសួងការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាក់ថាខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ ប្រសិនបើអ្នកតំណាងរបស់ខ្លួន មិនមែនជាប្រមុខរដ្ឋ ឬក៏រដ្ឋមន្ត្រីជាន់ខ្ពស់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ បានសម្រេចចិត្តហាមមិនឱ្យលោក មីន អោង ហ្លេង ចូលរួមក្នុងកិច្ចប្រជុំ ដោយសារតែបរាជ័យក្នុងការអនុវត្តតាមគោលការណ៍៥ចំណុចដែលបានព្រមព្រៀងជាមួយអាស៊ាន ក្នុងនោះរួមមានការបញ្ចប់អំពើហិង្សា និងបើកកិច្ចសន្ទនាស្វែងរកដំណោះស្រាយជាដើម៕